រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំពិភាក្សា ពិនិត្យនិងការចូលរួមយោបល់ សេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈថ្នាក់ក្រោមជាតិ


(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបងនាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំពិភាក្សា ពិនិត្យនិងការចូលរួមយោបល់សេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈថ្នាក់ក្រោមជាតិ នៅសាលាខេត្តបាត់ដំបង ក្រោមវត្តមានឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីអភិបាលក្រុង ស្រុក កងកម្លាំង ថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរអង្គភាពរដ្ឋនានាជុំវិញខេត្តជាច្រើនផងដែរ។

បន្ទាប់ពីឯកឧត្តម ងួន រតនៈបានឡើងបើកកិច្ចប្រជុំរួចមក សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធបានឡើងមានមតិចូលរួមផ្សេងៗគ្នា ទៅលើសេចក្តីព្រាងច្បាប់ដែលពាក់ព័ន្ធទៅនឹងសណ្តាប់ធ្នាប់សាធារណៈ ដូចជាអនាម័យបរិស្ថាន ការចោលនិងទុកដាក់សំរាម ការលក់ដូរលើចិញ្ចើមផ្លូវ ការចតរថយន្តគ្មានសណ្តាប់ធ្នាប់កន្លងមក។ ដោយសារមានភាពខ្វះខាត គ្មានច្បាប់ដើម្បីអនុវត្ត ទើបថ្ងៃនេះរដ្ឋបាលខេត្តបានដាក់សេចក្តីព្រាងច្បាប់សណ្តាប់សាធារណៈឆ្លងនិងពិនិត្យ សម្រេច កែតម្រូវ ដាក់ចូលជាធរមាន។

អង្គប្រជុំអះអាងថា ក្រោយចូលជាធរមានហើយ យើងធ្វើការផ្សព្វផ្សាយទុករយៈពេល១ឆ្នាំសិនទើបដល់ពេលអនុវត្តច្បាប់ទៅលើអ្នកល្មើសច្បាប់ តាមរយៈធ្វើការអប់រំ ឬធ្វើការផាកពិន័យ ឬដាក់ទោសទណ្ឌក្នុងករណីមិនរាងចាល។

ក្នុងឱកាសនោះដែរ លោក សាន ហាក់ សមាជិកក្រុមប្រឹក្សាខេត្តបានមានមតិថា រាល់កំហុស នៃបទល្មើសដែលពាក់ព័ន្ធសេចក្តីព្រាងច្បាប់នេះថា មុននឹងចុះអនុវត្តលើការផាកពិន័យ ឬដាក់ទោសទណ្ឌដោយបញ្ជូនទៅតុលាការបាននោះ គឺត្រូវផ្អែកលើ និងមានច្បាប់ជាគោលជាមុនសិន ទើបយើងអាចធ្វើអ្វីបាន ម្យ៉ាងទៀតគឺមានមន្រ្តីនគរបាលយុត្តិធម៌ត្រូវមានតួនាទីចុះអនុវត្តផ្ទាល់ និងមានសិទ្ធិជាអ្នកកសាងសំណុំរឿងបញ្ជូនតុលាការបានផងដែរ។

ឯកឧត្តម ងួន រតនៈ បានធ្វើការបូកសរុបនៃកិច្ចប្រជុំដោយបានបញ្ជាក់ថា មិនចាំបាច់ច្បាប់ចូលជាធរមាន ទើបចុះអនុវត្តទេ គឺអាចចុះធ្វើបានបន្តទៀតដោយផ្អែក និងពាក់ព័ន្ធលើច្បាប់សណ្តាប់ ចរាចរណ៍ដែលមានរួចទៅហើយ។ លោកបានជម្រាបដល់លោកអភិបាលក្រុង ស្រុក សមត្ថកិច្ចជាមន្រ្តីនគរបាលយុត្តិធម៌ យកទៅកែសម្រួលហើយផ្ញើត្រឡប់មកខេត្តវិញដើម្បីជាគំនិតរួម ហើយពិក្សាគ្នាសម្រេច រួចដាក់ឆ្លងទៅថ្នាក់លើពិនិត្យសម្រេច ចូលជាធរមានក្នុងពេលឆាប់ៗនេះផងដែរ៕