កិច្ចប្រជុំស្វែងយល់ពីការអនុវត្តល្អស្តីពីកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ការគ្រប់គ្រងសំណល់ និងការកែច្នៃសំណល់នៅរមណីយដ្ឋានថ្ងៃបាំងឆ័ត្រ


នៅល្ងាច​ ថ្ងៃច័ន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០​ នៅរមណីយដ្ឋានថ្ងៃបាំងឆ័ត្រ នាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយ កម្មវិធីអភិវឌ្ឍន៍​សហប្រជាជាតិ​ UNDP ក្នុងការអនុវត្តន៍គម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍន៍ដោយចីរភាព(BESD)​ ចំពោះសេដ្ឋកិច្ចចក្រា បានសម្របសម្រួលកិច្ចប្រជុំស្វែងយល់ពីការអនុវត្តល្អស្តីពីកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ការគ្រប់គ្រងសំណល់ និងការកែច្នៃសំណល់នៅរមណីយដ្ឋានថ្ងៃបាំងឆ័ត្រ។ តំណាងរមណីយដ្ឋានថ្ងៃបាំងឆ័ត្រ បានឡើងធ្វើការបង្ហាញ និងចែករំលែកបទពិសោធន៍ចំពោះការគ្រប់គ្រងទីតាំងដែលស្របទៅនឹងបរិបទនៃសេដ្ឋកិច្ចចក្រា ដោយចាប់ផ្តើមពីការប្រើប្រាស់ធនធាន ការផលិត រហូតដល់ការគ្រប់គ្រងនិងកែច្នៃសំណល់។ បន្ទាប់មក អ្នកចូលរួមទាំងអស់បានទស្សនាអាគារសំណង់ដែលបានអភិរក្ស និងតុបតែងរក្សាទ្រង់ទ្រាយដើម កន្លែងចំណិនអាហារដែលមានសុវត្ថិភាព និងអនាម័យ ទីតាំងបោកគក់ ការញែកសំណល់ ទីតាំងរក្សាទុកសំណល់ ព្រមទាំងទីកែច្នៃសំណល់ទៅជាជីកំប៉ុសសម្រាប់ដំាផលដំណាំនៅក្នុងទីតាំងនេះ ដែលអាចផ្គត់ផ្គង់មួយចំណែកដល់រមណីយដ្ឋានផងដែរ។
ការជួបពិភាក្សា និងស្វែងយល់ពីគំរូល្អនៅរមណីយដ្ឋានថ្ងៃបាំងឆ័ត្រនេះ​ ដឹកនាំដោយលោកជំទាវ ងិន លីណា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព ដោយមានការចូលរួមក្រុមការងារ​នាយកដ្ឋានសេដ្ឋកិច្ចបៃតង តំណាងគណៈកម្មាការវិមជ្ឈការវិសហមជ្ឈការ (គ.ជ.អ.ប.) តំណាងមកពីអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងមកពីអគ្គនាយកដ្ឋានចំណេះដឹង និងព័តម៌ានបរិស្ថាន តំណាងមកពីគណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយុ្យ តំណាងមកពីសាលាខេត្ត ក្រុមហ៊ុនប្រមូលសំរាម តំណាងមន្ទីរបរិស្ថានខេត្ត តំណាងសណ្ឋាគារ និងភោជនីយដ្ឋាន និងតំណាងកម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ UNDP សរុបប្រមាណ៤០នាក់​ ក្នុងគោលបំណងពិភាក្សាប្រមូលធាតុចូលស្តីពីផែនការយុទ្ធសាស្រ្តសេដ្ឋកិច្ចចក្រា​។
សូមជម្រាបថារមណីយដ្ឋានថ្ងៃបាំងឆ័ត្រ​ ក៏ធ្លាប់បានទទួលប័ណ្ណមេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថាននៅឆ្នាំ២០១៧ និងប័ណ្ណ​Platinum Green Growth Certification2050 នៅឆ្នាំ ២០១៩។