ឯកឧត្តម ជា ជាន់តូ លោកជំទាវ ព្រមទាំងមន្រ្ដីបុគ្គលិកធនាគារជាតិ នាំទៀនវស្សាប្រគេនព្រះសង្ឃគង់ក្នុងវត្តចន្ទ័បុរីវង្ស


(ភ្នំពេញ)៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ព្រមទាំងមន្ត្រីបុគ្គលិក ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បាននាំយកទៀនព្រះវស្សា គ្រឿងបរិក្ខា និងបច្ច័យមួយចំនួនទៅវេប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តចន្ទ័បុរីវង្ស ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្ដេចព្រះវណ្ណរត្ន័ ណយ ច្រឹក ព្រះចៅអធិការវត្តចន្ទ័បុរីវង្ស មានសង្ឃដិកាថា បច្ចុប្ប្ននេះមិនថា ការប្រតិបត្តិបុណ្យទានតាមបែបព្រះពុទ្ធសាសនា ឬការធ្វើពិធីផ្សេងៗនោះទេទាំងព្រះសង្ឃ ពុទ្ធបរិសទ័និងប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយត្ន័ខ្ពស់ ដើម្បីការពារការឆ្លងជម្ងឺកូវីដ១៩។

សម្ដេចព្រះវណ្ណរត្ន័ ណយ ច្រឹក ក៏ថ្លែងនូវការកោតសរសើរ ចំពោះទឹកចិត្តប្រកបដោយ សុទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទកម្ពុជា ទោះបីកំពុងជួបបញ្ហាអ្វីក៏ដោយ ពិសេសក្នុងដំណាក់កាលនៃការឆ្លងជម្ងឺកូវីដ១៩ នៅតែមិនបោះបង់ និងបំភ្លេចការធ្វើបុណ្យទាន ដែលជាប្រពៃណីជាតិខ្មែរឡើយ។ ជាក់ស្ដែងពេលនេះកម្ពុជាកំពុងឆ្លងជំងឺកូវីដ១៩ពិតមែន ប៉ុន្ដែការប្រតិបត្តិបុណ្យចូលព្រះវស្សា ប្រជាពលរដ្ឋបាននាំគ្នាធ្វើ នៅគ្រប់វត្តអារាមដដែល នេះបញ្ជាក់ថា ប្រជាជនខ្មែរមានការគោរព និងអនុវត្តបានខ្ជាប់ខ្ជួនល្អណាស់។

ឯកឧត្តម ជា ចាន់តូ បានឲ្យដឹងថា តាមរយៈបុណ្យកុសលកើតចេញពី ការនាំទៀនព្រះវស្សា គ្រឿងបរិក្ខា និងព្រមទាំងបច្ច័យ ដែលបានប្រគេនព្រះសង្ឃ នាឱកាសនេះសូមឧទ្ទិស ដល់បុព្វការីជនញ្ញាតិតើកាលទាំង៧សណ្ដាន និងឧទ្ទិសដល់វិរៈកុលបុត្រ កុលធីតាខ្មែរស្នេហាជាតិ គ្រប់ជំនាន់ដែលបានលះបង់ជីវិត ដើម្បីជាតិមាតុភូមិ។

ឯកឧត្តម ជា ចាន់តូ ក៏បានបួងសួងសុំឲ្យប្រជាជនខ្មែរ រួចចាកផុតពីជំងឺកូវីដ១៩ឆាប់ៗផង ហើយឯកឧត្តម និងលោកជំទាវ បានវេប្រគេនទៀនព្រះវស្សាមួយគូរ គ្រឿងបរិក្ខាគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន សម្រាប់ពិធីចូលព្រះវស្សា និងមួយចំនួនទៀត សម្រាប់ការកសាងអារាមវត្តចន្ទ័បុរីវង្ស ព្រមទាំងបានចែកជូនជា ថវិកា ក្រណាត់ស ក្រម៉ា និងសារុងជូនដល់លោកយាយលោកតាផងដែរ៕