ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រាប់ប្រធានថ្មីនៃសមាគម អតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបូង ប្រឹងប្រែងបម្រើប្រយោជន៍អតីតយុទ្ធជន


(បាត់ដំបង)៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ត្រូវបានដាក់ជំនួសដោយលោក មាស សុវណ្ណ ខណៈលោក អ៊ុក ឃ្នួច អតីតប្រធានសមាគម ត្រូវបានបានផ្លាស់ទៅបំពេញការងារផ្សេងនោះ។

ពិធីផ្លាស់ប្តូរប្រធានសមាគមត្រូវបានធ្វើឡើងនាសប្តាហ៍កន្លងទៅ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសមាគម។

លោកឱកាសនោះ លោក អ៊ុក ឃ្នួច ដែលត្រូវបានផ្លាស់ប្តូរចេញពីប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បានឡើងបង្ហាញពីសមិទ្ធផលមួយចំនួនដែលសមាគមសម្រេចក្នុងពេលរូបលោកនៅដឹកនាំ។ ជាមួយគ្នានេះ លោក មាស សុវណ្ណ ដែលត្រូវបានតែងតាំងថ្មី ក៏បានឡើងមកប្តេជ្ញាចិត្តខិតខំដឹកនាំសមាគម ក៏ដូចជាបម្រើអតីតយុទ្ធជនឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ដើម្បីផ្តល់ភាពកក់ក្តៅដល់អតីតយុទ្ធជន។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនថ្នាក់ដឹកនាំ និងអតីតយុទ្ធជននៅក្នុងខេត្តបាត់ដំបងទាំងអស់។

ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងកោតសសេីរលោក អ៊ុក ឃ្នួច ដែលក្នុងពេលកាន់ជាប្រធានសមាគម បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ជាមួយថ្នាក់ដឹកនាំសមាគមក្នុងខេត្តដទៃទៀត បំពេញភារកិច្ចបានយ៉ាងល្អប្រសេីរ ដោះស្រាយបញ្ហាប្រឈមជូនអតីតយុទ្ធជនបានទាន់ពេលវេលា និងដាក់ចេញនូវវិធានការដទៃទៀត ជួយឱ្យការរស់នៅរបស់អតីតយុទ្ធជនបានល្អប្រសើរ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំ និងក្រើនរំលឹកដល់ លោក មាស សុវណ្ណ ប្រធានថ្មីរបស់សមាគម និងថ្នាក់ដឹកនាំសមាគមខេត្ត ត្រូវសហការគ្នាបំពេញភារកិច្ចឱ្យបានល្អប្រសើរ ដើម្បីបម្រើប្រយោជន៍ជូនអតីតយុទ្ធជន។ ជាពិសេសត្រូវដោះស្រាយបញ្ហាប្រឈមរបស់អតីតយុទ្ធជនឱ្យបានទាន់ពេលវេលា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសុំឱ្យអតីតប្រធានសមាគម លោក អ៊ុក ឃ្នួច បន្តជួយសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ព្រោះលោកមានបទពិសោធន៍ស្រាប់ និងដឹងការងាររាក់ជ្រៅរបស់អតីតយុទ្ធជនក្នុងខេត្តជាង ១ម៉ឺននាក់នោះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានរំលឹកឱ្យអតីតយុទ្ធជន ត្រូវចេះថែរក្សាអនាម័យ អនុវត្តវិធានការបង្កាជំងឺកូវីត-១៩ ធ្វេីជាគំរូល្អនៅមូលដ្ឋាន និងត្រូវខំខិតប្រកបរបរចិញ្ចឹមជីវិត កុំផ្តេកផ្តួលតែលេីប្រាក់ឧបត្ថម្ភរបស់រដ្ឋក្នុងដំណាក់កាលងាយរងគ្រោះដោយកូវីត១៩នេះ។

នៅក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ឯកឧត្តមទេសរដ្ឋមន្ត្រីអគ្គលេខាធិការ បានផ្តល់ផ្ទះ ៣០ខ្នងបន្ថែមទៀត សម្រាប់អតីតយុទ្ធជនក្រីក្រ។ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំសមាគមខេត្ត បានរួមគ្នាជួយកសាងផ្ទះ ១០ខ្នងបន្ថែមទៀតផងដែរ៕