សម្តេចតេជោ ហ៊ុន សែន៖ កូវីដ១៩ បង្កបញ្ហាប្រឈមដល់មនុស្សគ្រប់គ្នានៅលើពិភពលោក ក្នុងនោះស្ត្រីជាមុខសញ្ញាចម្បង


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជំងឺកូវីដ១៩ បានបង្កបញ្ហាប្រឈមដល់មនុស្សគ្រប់គ្នានៅលើពិភពលោក ក្នុងនោះស្ត្រីជាមុខសញ្ញាចម្បង ដែលអាចទទួល រងនូវការប៉ះពាល់មុនគេ ជាពិសេសបុគ្គលិកសុខាភិបាលជាស្ត្រី។

សារលិខិតរបស់សម្តេចតេជោ ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣១ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ បានឲ្យដឹងថា ថ្មីៗនេះការស្រាវជ្រាវរបស់អង្គការមូលនិធិ សហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) បង្ហាញថា ប្រសិនបើវិធានការបង្ខាំង បន្តរយៈពេល៦ខែទៀត ហើយការផ្តល់សេវាសុខភាពមិនបានពេញលេញដោយសារជំងឺកូវីដ១៩ ពេលនោះ នឹងមានស្ត្រីជាង៤៧លាននាក់ នៅក្នុងបណ្តាប្រទេសដែលមានចំណូលទាប និងចំណូលមធ្យម នឹងមិនអាចទទួលបានសេវាពន្យារកំណើតទំនើប ដែលជាលទ្ធផល ស្ត្រីប្រហែល៧លាននាក់ នឹងអាចមានផ្ទៃពោះមិនតាមប្រាថ្នា ហើយអំពើហិង្សាផ្អែកលើយែនឌ័រ នឹងអាចកើតមានប្រហែល ៣១លានករណីបន្ថែមទៀត។

លើសពីនេះទៀត បើធៀបនឹងបុរស ស្ត្រីធ្វើការនៅក្នុងផ្សារពលកម្ម ដែលមិនសូវមានសុវត្ថិភាព ត្រូវរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរជាង ពីវិបត្តិកូវីដ១៩។ ស្ត្រីជិត ៦០% នៅទូទាំងពិភពលោក កំពុងធ្វើការនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលងាយរងហានិភ័យខ្ពស់ ក្នុងការធ្លាក់ចូលក្នុងភាពក្រីក្រ។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានស្រង់ការស្រាវជ្រាវរបស់អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន បន្តទៀតថា ការងារថែទាំ ដែលមិនមានប្រាក់កម្រៃរបស់ស្ត្រី មានការកើនឡើង ដោយសារការបិទសាលារៀន និងការកើនឡើងនៃតម្រូវការរបស់មនុស្សវ័យចាស់។ ជំងឺឆ្លងកូវីដ១៩ កំពុងវាយលុកសហគមន៍ ដែលងាយរងគ្រោះ ជាពិសេសការកើតមានវិសមភាពកាន់តែខ្លាំង និងការរេរាំងដល់កិច្ចខិតខំប្រឹងប្រែងសម្រេចគោលដៅរួមរបស់យើងគឺ «ការកសាងពិភពលោកមួយ ដែលគ្មាននរណាម្នាក់ ត្រូវបានបំភ្លេចចោល»។

សូមបញ្ជាក់ថា ប្រធានបទរបស់ទិវាប្រជាជនពិភពលោកលើកទី៣១ ក្នុងឆ្នាំ២០២០ គឺ «ការបញ្ចប់ការរីករាលដាលជំងឺកូវីដ១៩៖ តើពេលនេះយើងត្រូវការពារសុខភាព និងសិទ្ធិរបស់ស្ត្រី និងកូនក្មេងដោយរបៀបណា?»។ សម្តេចចាត់ទុកថា ប្រធានបទនេះ ពិតជាមានអត្ថន័យធំធេងក្នុងស្ថានភាព ដែលពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានប៉ះពាល់ដ៏ធ្ងន់ធ្ងរសម្រាប់ជីវិតមនុស្ស សហគមន៍ និងសេដ្ឋកិច្ចសង្គម នៅគ្រប់ទិសទីទូទាំងពិភពលោក៕