កិច្ចសន្ទនាតាមប្រព័ន្ធអនឡាញស្តីពីសកម្មភាពគោលនយោបាយក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩


នាព្រឹកថ្ងៃពុធ ៣រោច ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមកិច្ចសន្ទនាតាមប្រព័ន្ធអនឡាញស្តីពីសកម្មភាពគោលនយោបាយក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក្រោមប្រធានបទ “ការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមឱ្យមានភាពប្រសើរឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩“។
កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងក្រោមក្របខ័ណ្ឌកម្មវិធី BIMP-EAGA, IMT-GT និង GMS Capacity Building Program (B-I-G Program) ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។ គោលបំណងនៃកិច្ចសន្ទនានេះមានដូចតទៅ៖
១. លើកកម្ពស់ការយល់ដឹងកាន់តែច្បាស់អំពីជម្រើសគោលនយោបាយសម្រាប់រដ្ឋាភិបាលដើម្បីគាំទ្រសហគ្រាសធុនតូចនិងមធ្យមក្នុងការកាត់បន្ថយផលប៉ះពាល់នៃកូវីដ-១៩ និងស្តារឡើងវិញបន្ទាប់ពីរងវិបត្តិ។
២. ផ្សព្វផ្សាយការអនុវត្តនិងមេរៀនល្អៗជាសកល ស្តីពីវិធីដែលសហគ្រាសធុនតូចនិងមធ្យមអាច“ ត្រលប់មកកាន់តែប្រសើរជាងមុន” បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ ។
៣. ផ្តល់នូវវេទិកាមួយសម្រាប់អ្នកបង្កើតគោលនយោបាយនិងអ្នកអភិវឌ្ឍន៍ផែនការ ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍និងរៀនសូត្រពីគ្នាទៅវិញទៅមក។
ទន្ទឹមនឹងនេះដែរ កិច្ចសន្ទនានេះ ក៏មានការធ្វើបទបង្ហាញនិងចែករំលែក ពីលោក Paul Vandenberg សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី លើប្រធានបទ គាំទ្រសហគ្រាសធុនតូចនិងមធ្យមតាមរយៈការផ្តល់ជំនួយនិងការស្តារឡើងវិញ និងលោក Foo Nge Kee សហស្ថាបនិកនិងជាប្រធានសមាគមសហគ្រាសធុនតូចនិងមធ្យមសាបានិងសមាជិកក្រុមប្រឹក្សាជាតិ, សមាគមសហគ្រាសធុនតូចនិងមធ្យមនៃប្រទេសម៉ាឡេស៊ី លើប្រធានបទ
គាំទ្រសហគ្រាសធុនតូចនិងមធ្យម ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ និងមានការចូលរួមពិភាក្សាពីបណ្តាលតំណាងមកពីប្រទេសផ្សេងៗ។