កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នឹងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមប្រធានបទ៖ វិធានការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ក្នុងវិស័យដឹកជញ្ជូន


ភ្នំពេញ៖ ថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រី ដឹកជញ្ជូនអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូពីចម្ងាយ(Video Conference) ស្ដីពីវិធានការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ក្នុងវិស័យដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការរៀបចំសម្ភារបច្ចេកវិទ្យា និងគ្រឿងបរិក្ខារផ្សេងៗរួមមានដូចជា៖ ការធ្វើតេស្តលើកម្មវិធីដែលត្រូវប្រើប្រាស់ (App) កាមេរ៉ាចាប់រូបភាពពីចម្ងាយ បណ្តាញខ្សែតភ្ជាប់ កំព្យូទ័រ ម៉ាយក្រូហ្វូន ជាពិសេសបណ្តាញអ៊ីនទ័រណែតល្បឿនលឿនប្រកបដោយស្ថិរភាព និងការរៀបចំទង់ជាតិតំណាងកម្ពុជាជាដើម។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមអគ្គនាយក បានណែនាំឱ្យនាយកដ្ឋានទទួលបន្ទុកមានភារកិច្ចរៀបចំតុសម្រាប់គណៈប្រតិភូ ទង់ជាតិ ឈ្មោះប្រទេស បដាខាងក្រោយ ការធ្វើតេស្តកម្មវិធីដែលត្រូវប្រើប្រាស់ ការត្រៀមរៀបចំសម្ភារ និងគ្រឿងបរិក្ខារផ្សេងៗទៀតឱ្យបានចប់សព្វគ្រប់ សំដៅសម្រួលដល់ ដំណើរការនៃកិច្ចប្រជុំនេះឱ្យប្រព្រឹត្តទៅដោយរលូន និងប្រសិទ្ធភាពខ្ពស់បំផុត។
សូមជម្រាបជូនថា៖ ដោយសារការរីករាលដាលជាសកល នៃមេរោគកូវីដ១៩នៅទូទាំងពិភពលោក ក្នុងនោះរួមមានកម្ពុជាផងដែរ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន ស្ដីពីវិធានការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ក្នុងវិស័យដឹកជញ្ជូន គ្រោងនឹងរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនៅថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានទាំងដប់ រួមជាមួយរដ្ឋមន្រ្តីដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ ៕