ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ កុមារពិការខ្សោយសតិបញ្ញា


ព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ ខែកុម្ភះ ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធាន គណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ កុមារពិការខ្សោយសតិបញ្ញា នៅអង្គការ ជំនួយក្តីសង្ឃឹមសម្រាប់សហគមន៍ ស្ថិតនៅក្នុងបរិវេណ អនុវិទ្យាល័យអនុវត្ត ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរខេត្ត ក្រុង តំណាងមន្ទីរពាក់ព័ន្ធនានា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលកុមារ ពិការខ្សោយសតិបញ្ញា ផងដែរ៕
លោក ចាន់ សារិន នាយកប្រតិបត្តិ អង្គការ ជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ បានឡើងធ្វើសេចក្តីរាយការណ៍ជូនដល់ គណៈអធិបតីបានជ្រាបថា អង្គការ ជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ បានចាប់កំណើតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ដោយបានទទួលជំនួយឧបត្ថម្ភពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធាន កាកបាទក្រហមកម្ពុជា និងបានទទួលពីម្ចាស់ជំនួយបរទេស ព្រមទាំងសប្បុរសជនក្នុងស្រុកមួយចំនួនផងដែរ ហើយអង្គការនេះ បានអនុវត្តគម្រោងថែទាំប្រចាំថ្ងៃ ដល់កុមារពិការខ្សោយសតបញ្ញា និងអូទីស្សឹម ចាប់ពីអាយុ៤ឆ្នាំឡើងទៅ ឲ្យទទួលបានអាហារបីពេល ការអប់រំតាមគោលការអប់រំជាតិ របស់រាជរដ្ឋាភិបាល ព្រមទាំងជួយកាត់បន្ថយបន្ទុកគ្រួសារ ក្នុងសហគមន៍ផងដែរ។
បន្ទាប់មកក្រុមកុមារ ពិការខ្សោយសតិបញ្ញា និងអូទីស្សឹម បានសម្តែងសមត្ថភាពវាយស្គរឆៃយ៉ាំ ជូនដល់គណៈអធិបតីបានទស្សនាផងដែរ។
ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានមានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ កុមារពិការខ្សោយសតិបញ្ញា និងឪពុក ម្តាយកុមារទាំងអស់ ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋភិបាល និងព្រឹទ្ធសភា ក្នុងការគិតគូរយ៉ាងខ្លាំដល់ កុមារពិការខ្សោយសតិបញ្ញា និងបានខិតខំប្រឹងប្រែងពង្រឹងវិស័យអប់រំ ព្រមទាំងបានជម្រុញលើកទឹកចិត្តដល់ សហគមន៍ទាំងមូល ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងមុខរបររកស៊ី ផ្នែកសិកម្ម ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ក្នុងគ្រួសារ ឲ្យបានប្រសើរឡើង។ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានឧបត្ថមដល់អង្គការ ជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ចំនួន២,០០០,០០០រៀល លោកគ្រូ អ្នកគ្រូ ចំនួន៤២០,០០០រៀល កុមារពិការខ្សោយសតិបញ្ញាចំនួន១,៩០០,០០០រៀល អនុវិទ្យាល័យអនុវត្តចំនួន៥០០,០០០រៀល ឧបត្ថមដល់អង្គការ ជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ចំនួន៦០០ដុល្លារ សម្រាប់រៀបចំអាហារកុមារមួយពេល ព្រមទាំងបានសន្យាថានឹងប្រគល់ជូនអង្គការនូវផ្ទៃដីចំការចំនួនពីរហិកតា និងជួយណាំដំណាំស្វាយជូនផងដែរ។
បន្ទាប់មក គណៈអធិបតីក៏បានអញ្ជើញទស្សនកិច្ចដោយផ្ទាល់ក្នុងបន្ទប់សិក្សា នៅសាលាពិសេសរបស់កុមារ ពិការខ្សោយសតិបញ្ញា និងអូទីស្សឹម ក្នុងបរិវេណអនុវិទ្យាល័យអនុវត្ត ក្រុងតាខ្មៅ ផងដែរ៕