ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារកសាងកម្រងព័តមានជាតិស្តីពីសារធាតុអាសបេស្តុស នៃព្រះរាជាណាចក្រកម្ពុជា


នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារកសាងកម្រងព័តមានជាតិស្តីពីសារធាតុអាសបេស្តុស នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសាន់វ៉េ។
កិច្ចប្រជុំនាពេលនេះ រៀបចំឡើងដើម្បីប្រកាសសមាសភាព និងប្រគល់ភារកិច្ចជូនសមាជិកក្រុមការងារ ដើម្បីប្រមូល និងចងក្រងព័តមានជាតិស្តីពីសារធាតុអាសបេស្តុសនៅកម្ពុជារបស់ក្រសួង ស្ថាប័នតាមវិស័យរួមមាន៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងរ៉ែនិងឋាមពល ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងបរិស្ថាន ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងអប់រំយុវជន និងកីឡា និងមានសមាជិកមកពីអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការជាតិ និងសង្គមសុីវិល ដែលចូលរួមតាមការស្ម័គ្រចិត្ត និងមានតួនាទីជាទីប្រឹក្សា និងជួយទ្រទ្រង់ ដូចជា អង្គការពលកម្មអន្តរជាតិILO, អង្គការសុខភាពពិភពលោកWHO, អង្គការអូស្ត្រាលីសម្រាប់សុខភាព អប់រំ និងអភិវឌ្ឍក្រៅប្រទេស APHEDA។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងសហជីព ដែលបានគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបង្កើតឱ្យមានក្រុមការងារនេះឡើង ដើម្បីរៀបចំចងក្រងកម្រងព័តមាន ផែនការជាតិ និងកម្មវិធីជាតិ សម្រាប់ជាឧបករណ៍ ឬមធ្យោបាយដែលអាចប្រើជាផលប្រយោជន៍ដ៏មានប្រសិទ្ធភាព និងស័ក្តសិទ្ធ សម្រាប់ពង្រីកចក្ខុវិស័យស្តីពីការបង្ការទប់ស្កាត់ហានិភ័យនានាដែលបណ្តាលមកពីសារធាតុអាសបេស្តុស និងជាឧត្តមប្រយោជន៍ដល់ការលើកកម្ពស់សុខភាព សុវត្ថិភាពការងារដល់កម្មករនិយោជិត និងប្រជាជនទូទៅ។
សូមបញ្ជាក់ជូនថា ឧបករណ៍ និងសម្ភារៈ ដែលមានផ្ទុកសារធាតុអាសបេស្តុស រួមមាន៖ ស៊ីម៉ង់ត៍ ក្បឿង ហ្វ៊ឺប្រូស៊ីម៉ង់ត៍ ពិដានម្នាងសិលា ស្បែកហ្រាំងយានយន្ត ស្បែកអំប្រ៊ីយ៉ា រ៉ងម៉ាស៊ីន អុីសូឡង់ដែលការពារកំដៅ ការពារធាតុត្រជាក់ ទប់សម្លេង គ្រឿងម៉ាស៊ីន និងបំពង់ជ័រ។ល។ សារធាតុទាំងនេះ មានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ដែលទាមទារអោយមានការស្រាវជ្រាវ និងចងក្រងព័តមានទាក់ទងនឹងការប្រើប្រាស់សារធាតុនេះឱ្យបានជាក់លាក់ ដើម្បីគ្រប់គ្រង បង្ការ ទប់ស្កាត់ កុំឱ្យមានផលប៉ះពាល់ដល់សុខភាព និងប្រើប្រាស់សារធាតុនេះអោយបានត្រឹមត្រូវប្រកបដោយសុវត្តិភាព។