ក្រសួងបរិស្ថាន បន្តផ្សព្វផ្សាយការបង្ការ និងលុបបំបាត់ជំងឺគ្រុនចាញ់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ


ព្រះវិហារ ៖ ក្រសួងបរិស្ថាន សហការជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយកម្មវិធីបង្ការ និងលុបបំបាត់ជំងឺគ្រុនចាញ់ ជូនដល់សហគមន៍តំបន់ការពារធម្មជាតិ និងមន្រ្តីឧទ្យានុរក្ស នៅតាមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរដោយ ឯកឧត្ដម ខៀវ បូរិន អគ្គនាយកនៃ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ប្រតិភូក្រសួងបរិស្ថាន ក្រសួងសុខាភិបាល តំណាងគណៈអភិបាលខេត្តព្រះវិហារ មន្ទីរបរិស្ថានខេត្ត តំណាងគម្រោងUSAIDព្រៃឡង់បៃតង។
ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានលើកឡើងថាវេទិកានាថ្ងៃនេះពិតជាមានសារៈសំខាន់ចូលរួមកត់បន្ថយការលំបាក និងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅតាមមូលដ្ឋាន។
លោក វេជ្ជបណ្ឌិត ឡឹក ឌីសូឡី អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បាន លើកឡើងថា ការបង្ការខ្លួនពីជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ចាំបាច់ត្រូវការចូលរួមពីប្រជាពលរដ្ឋធ្វើអនាម័យ និងការយល់ដឹងពីវិធីការពារ។ នៅពេលនេះ លោកវេជ្ជបណ្ឌិត លើកទឹកចិត្តឱ្យប្រជាពលរដ្ឋជាពិសេសប្រជាសហគមន៍ និងមន្រ្តីឧទ្យានុរក្សមានការសម្រាកក្នុងមុងសុវត្ថិភាព ការសំអាតអនាម័យតាមភូមិដ្ឋាន បំបាត់ជម្រកមូស ការបរិភោគស្អាត និងរស់នៅស្អាត។
ក្នុងឱកាសនោះ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងពីការយកចិត្ដទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ ហើយព្រឹត្ដិការណ៍នាថ្ងៃនេះ បានបង្ហាញពីការបេ្ដជ្ញាចិត្ដខ្ពស់របស់ក្រសួងបរិស្ថាន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងពីប្រទេសកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ដ្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥។
លោកជំទាវរដ្ឋលេខាធិការ បញ្ជាក់ថា កម្មវិធីនេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនចំណេះដឹងវិធីការពារ បង្ការ និងទប់ស្កាត់ ទៅនឹងជំងឺគ្រុនចាញ់ និងរបៀបថែទាំសុខភាពអនាម័យ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងក្នុងពេលបំពេញការងាររបស់បងប្អូនសហគមន៍ និងមន្រ្តីឧទ្យានុរក្ស ។ លោកជំទាវមានប្រសាសន៍បន្ថែមថា មនុស្សសត្វមានទំនាក់ទំនងមិនអាចកាត់ផ្តាច់បានពីសុខភាព និងបរិស្ថាន មិនអាចអត់មួយណាបាននោះទេ។ ដូចនេះ ការការពារថែទាំសុខភាពឱ្យល្អជារឿងសំខាន់សម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ និងមន្រ្តីឧទ្យានុរក្ស ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ សម្រាប់កូនចៅតជំនាន់។ជាមួយគ្នានេះ ធម្មជាតិនឹងជួយយើងវិញ នៅពេលណាយើងចេះគ្រប់គ្រងធនធានធម្មជាតិបានល្អ។
សូមបញ្ជាក់ថា ៖ ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយការបង្ការជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូននាពេលនេះ លោកជំទាវ ម៉ុម ថានី និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តព្រះវិហារ បានផ្តល់មុងចំនួន ៤០០មុង ថ្នាំព្រូន ចំនួន១០កំប៉ុង និងថ្នាំអាប៊ែតចំនួន១០គីឡូក្រាម ជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ និងមន្រ្តីឧទ្យានុរក្ស នៅតាមតំបន់ការពារធម្មជាតិនៅក្នុងខេត្តព្រះវិហារ។ ជាមួយគ្នានេះ គម្រោងព្រៃឡង់បៃតងផ្តល់ជូនដល់មន្រ្តីល្បាតរបស់សហគមន៍ក្នុងតំបន់ការពារធម្មជាតិ រួមមាន៖ មួកសុវត្ថិភាព ដបទឹក អង្រឹង អាវភ្លៀង ពិល និងសម្ភារៈល្បាតមួយចំនួនទៀតផងដែរ ៕