ឯកឧត្តម ច័ន្ទ សុផល និងឯកឧត្តម ខាន់ ម៉ាណេរ ព្រមទាំងសហការី បានដឹកនាំក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង នាំយកនូវអំណោយរបស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ


នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងសហការី បានដឹកនាំក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង នាំយកនូវអំណោយរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅឃុំខ្នាចរមាស និងឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
ឯកឧត្តម ច័ន្ទ សុផល បានឲ្យដឹងថាៈ ដោយសារជំងឺកូវីដ១៩ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនតូចនៅខេត្តបាត់ដំបង ជួបការលំបាកខ្វះខាតជីវភាព ហើយដើម្បីសម្រួលនូវការលំបាកនេះ រាជរដ្ឋាភិបាល តាមរយៈឯកឧត្តម ខាន់ ម៉ាណេរ ជាប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង ព្រមទាំងឯកឧត្តមប្រធានក្រុមការងារចុះជួយមូលមូលដ្ឋានទាំង២ឃុំ ព្រមទាំងសមាជិក សមាជិកា​ ភូមិ ឃុំ ផ្តល់អំណោយ របស់សម្តេចក្រទ្បាហោម និងលោកជំទាវ ដើម្បីជួយដល់គ្រួសារងាយរងគ្រោះ សម្រាប់ជួយដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបង ជាគ្រួសារចាស់ជរា ជួបការលំបាក ស្រ្តីមេម៉ាយ ជនពិការ អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ១០០គ្រួសារនាពេលនេះ​ មានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ត្រីខ១យួរ និងថវិកា២មុឺនរៀល។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ​ ឯកឧត្តម ច័ន្ទ សុផល បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញាចក្រី​ ហេង សំរិនប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែបានខ្វាយខ្វល់យកចិត្តទុកដាក់គិតគូអំពីសុខមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេសដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។
ឯកឧត្តម ច័ន្ទ សុផល បានអំពាវនាវដល់អាជ្ញាធរនៅគ្រប់មូលដ្ឋានទាំងអស់ ត្រូវបង្កើនសកម្មភាពបន្ថែមទៀតក្នុងការបន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាល់នៃជំងឺឆ្លងកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យបានញឹកញាប់បំផុត ធ្វើយ៉ាងណាឲ្យនៅក្នុងមូលដ្ឋាន ក្រុមគ្រួសារ និង សហគមន៍របស់ខ្លួន គ្មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។
ឯកឧត្តម ច័ន្ទ សុផល បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្នឲ្យបានខ្ពស់និងអនាម័យជាប់ជាប្រចាំគឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬជែលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឲ្យឆ្ងាយពីគ្នា។