ឯកឧត្តមសាយ សំអាល់ អញ្ជើញចូលរួមជាគណអធិបតី បើកសិក្ខាសាលាបច្ចេកទេសស្តីពីទីក្រុងនិរន្តរភាព


នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តមសាយ​ សំអាល់​ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអញ្ជើញចូលរួមជាគណអធិបតី និងថ្លែងសុន្ទរកថាបើកសិក្ខាសាលាបច្ចេកទេសស្តីពីទីក្រុងនិរន្តរភាព នៅស្ថានទូតបារាំង រាជធានីភ្នំពេញ។ ឯកឧត្តម​ បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តកំណែទម្រង់វិស័យការពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។ ក្នុងនោះកម្មវិធីទីក្រុងនិរន្តរភាពត្រូវបានរៀបចំឡើងជាអាទិភាពចំបងមួយ ដើម្បីជួយតម្រង់ទិសការអភិវឌ្ឍទីក្រុង ជាពិសេសនៅរាជធានីភ្នំពេញ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ផែនការអិវឌ្ឍន៍ទីក្រុងនិរន្តរភាពត្រូវតែមានភាពគ្រប់ជ្រុងជ្រោយ ផ្អែកលើវិទ្យាសាស្រ្តបច្ចេកវិទ្យាទំនើប និងប្រតិសកម្ម ដោយផ្តោតលើសុខមាលភាពប្រជាជនជាចំបង។ ឯកឧត្តមបានអំពាវនាវឱ្យភាគីបារាំងបន្តកិច្ចសហការ ជាពិសេសតាមរយៈការវិនិយោគវិស័យឯកជន ក្នុងវិស័យអាទិភាពនានាដើម្បីគាំទ្រការអភិវឌ្ឍទីក្រុងដោយនិរន្តរភាព ដូចជា ការកាត់បន្ថយការបំពុល ការគ្រប់គ្រងសំណល់ បញ្ហាចរាចរណ៍ ការធានាសន្តិសុខថាមពលនិងទឹក ការរៀបចំលំនៅដ្ឋាន ការអភិរក្សបេតិកភណ្ឌវប្បធម៌។ល។