គណៈប្រតិភូអាយប៉ាជាតិ-កម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី ការគ្រប់គ្រងកាកសំណល់នៅក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព​ តាមរយៈប្រព័ន្ធ Video Conference


នៅវិមានរដ្ឋសភាកម្ពុជា នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ គណៈប្រតិភូអាយប៉ាជាតិ-កម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ការគ្រប់គ្រងកាកសំណល់នៅក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”​ តាមរយៈប្រព័ន្ធ Video Conference ដែលផ្សាយចេញពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី (ក្នុងក្របខណ្ឌអន្តរសភាអាស៊ាន-អាយប៉ា) សហការរៀបចំដោយអគ្គលេខាធិការដ្ឋាន AIPA និងវិទ្យាស្ថាន ERIA។
គណៈប្រតិភូដែលអញ្ជើញចូលរួមក្នុងសិក្ខាសាលាខាងលើ រួមមាន ឯកឧត្តម ទី សុគន្ធ សមាជិកក្រុមអាយប៉ា-ជាតិកម្ពុជា និងជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ឯកឧត្ដម សន សារ៉ាណា សមាជិកក្រុមអាយប៉ា-ជាតិកម្ពុជា និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា លោកជំទាវ ម៉ក់ វណ្ណស៊ីថា សមាជិកក្រុមអាយប៉ា-ជាតិកម្ពុជា និងជាសមាជិកាគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ​ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា រួមទាំងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។