អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១


នារសៀលថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ ស្មៀនក្នុងខេត្តព្រះសីហនុ និងតំណាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ តាមចរាចរណ៍លេខ០៤-០៥របស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបន្តថា ដោយសារវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលបានកាត់កញ្ចក់ថវិកាសម្រាប់ ការអភិវឌ្ឍខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២០ នៅសល់ត្រឹមតែ ៦៧ពាន់លានរៀល ហើយសម្រាប់ឆ្នាំ២០២១ ខេត្តមានថវិកា៧២ពាន់លានរៀល។ តាមលទ្ធភាពនៃការប្រមូលពន្ធរបស់សាខាពន្ធដារខេត្តព្រះសីហនុរយៈពេល ៦ខែ ប្រមូលចំណូលពន្ធបាន ៦១ពាន់លានរៀល ហើយនៅឆ្នាំ២០២០នេះ សាខាពន្ធដារអាចប្រមូលថវិកាបាន ១០០ពាន់លានរៀល ។
ទន្ទឹមនេះឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខិតខំកៀរគរបង្កើនកញ្ចប់ថវិកាឆ្នាំ២០២១ ដើម្បីផ្សាភ្ជាប់ទៅនឹងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្ត ដោយរៀបចំជាគម្រោងសកម្មភាពអភិវឌ្ឍខេត្តសម្រាប់ឆ្នាំ២០២១ ស្របតាមកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣)។ទន្ទឹមនេះកិច្ចការដែលយើងត្រូវធ្វើមានច្រើន ក៌ប៉ុន្តែពេលវេលារបស់យើងខ្លី ស្នើក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ចូលរួមរៀបចំគម្រោងផែនការសកម្មភាពអភិវឌ្ឍ ដោយមានការចូលរួមពីមន្ត្រីគ្រប់ផ្នែក គ្រប់ថ្នាក់ ធ្វើការងារជាក្រុមច្របាច់បញ្ចូលគ្នា រៀបចំផែនការយុទ្ធសាស្ត្រឱ្យចំគោលដៅ។ម្យ៉ាងទៀតមកដល់ពេលនេះថវិកាឆ្នាំ២០២០មិនទាន់បានអនុវត្តបានពេញលេញ ក្នុងគម្រោងទាំង១៣ ដូច្នេះយើងត្រូវរួមគ្នាជម្រុញផែនការប្រើប្រាស់ថវិការបស់យើងបំរើអត្ថប្រយោជន៍ និងគុណប្រយោជន៍ក្នុងខេត្តព្រះសីហនុរបស់យើង ។
ឯកឧត្តម គួច ចំរើន បានធ្វើផ្តាំផ្ញើដល់អស់លោកអភិបាល ក្រុង ស្រុក មន្ទីរ អង្គភាព ឃុំ សង្កាត់ ត្រូវតាមដានស្តាប់នូវបទបង្ហាញដោយយកចិត្តទុកដាក់ដើម្បីធ្វើផែនការ ឱ្យបានទាន់ពេលវេលាតាមស្ថានភាពភូមិសាស្ត្រជាក់ស្តែងក្នុងខេត្ត ៕