អ្នកឧកញ៉ា គិត ម៉េង ចុះកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រ លើតំបន់អភិវឌ្ឍន៍កោះរ៉ុង


នាព្រឹក ថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ Goddess of Liberty Hotel & Resort ខេត្តព្រះសីហនុ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាភិបាល Royal Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងអាមេ កំរាស់ ២.៥០ដេស៊ីម៉ែត្រ ប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកោះរ៉ុង ឌីវេឡុបមេនខមភេនី (Royal Group Koh Rong Development Company) និង ក្រុមហ៊ុន ស៊ីណូហាយដ្រូ ខបភើរេសិន លីមីធីត (Sinohydro Corporation Limited)។
ពិធីចុះហត្ថលេខានេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ, ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាតំណាងរបស់ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង វត្តមានអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរស្ថាប័នពាក់ព័ន្ធ ព្រមទាំងសមាជិកសភាពាណិជ្ជកម្មកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូប។
ពិធីចុះហត្ថលេខានេះ បានទទួលលទ្ធផលជាផ្លែផ្កា គួរជាទីមោទនៈ ក្រោមបរិយាកាសរីករាយ និង ស្និទ្ធស្នាល។