មន្ត្រីសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើការចងក្រងសមាសភាពអនុគណៈកម្មការអន្តរក្រសួង សម្រាប់រៀបចំកិច្ចប្រជុំតុមូលចិនលើកទី៥


នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំ និងមន្ត្រីសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មប្រមាណ ៥០រូប បានជួបប្រជុំគ្នាលើកដំបូង ដើម្បីពិភាក្សាលើការចងក្រងសមាសភាពអនុគណៈកម្មការអន្តរក្រសួង សម្រាប់រៀបចំកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប។
កិច្ចប្រជុំនេះ ទទួលបានការអញ្ជើញជាអធិបតីភាពពី លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងបានធ្វើការពិភាក្សាអំពីការបែងចែកតួនាទី, ភារកិច្ច, និងការទទួលខុសត្រូវរបស់អនុគណៈកម្មការនីមួយៗ ព្រមទាំងវិធីបង្ការរាល់បញ្ហានានា ដែលអាចកើតមានឡើងដោយថាហេតុ ដើម្បីធានាធ្វើឲ្យដំណើរការនៃកិច្ចប្រជុំដ៏សំខាន់នេះ អាចប្រព្រឹត្តិទៅដោយរលូនតាមផែនការ។
សូមបញ្ជាក់ថា កិច្ចប្រជុំតុមូលចិនលើកទី៥ ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលប្រទេសចិន សហការជាមួយអង្គការ WTO និងរដ្ឋាភិបាលនៃប្រទេសដែលជាប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ក្នុងគោលបំណងចែករំលែកឧត្តមានុវត្តន៍ជូនប្រទេស LDCs ដើម្បីត្រៀមខ្លួនក្នុងការស្នើចូលជាសមាជិក WTO ឲ្យបានឆាប់រហ័ស។
លើសពីនេះ កិច្ចប្រជុំតុមូលចិនក៏នឹងជួយគាំទ្រដល់ប្រទេស LDCs ដែលបានក្លាយជាសមាជិកពេញសិទ្ធិ WTO ចូលរួមអនុវត្តន៍តាមមាត្រាទី១២ នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស (Marrakesh) ដែលផ្តោតសំខាន់លើសេចក្តីសម្រេចរបស់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសមាជិកអង្គការ WTO៕