រដ្ឋមន្រ្តីក្រសួងកិច្ចការនារីអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំការរៀបចំបណ្ដាញសហគ្រិនស្ត្រីនៅកម្ពុជា និងបោះឆ្នោត ជ្រើសរើសប្រធាន និងអនុប្រធាន បណ្ដាញសហគ្រិនស្ត្រីនៅកម្ពុជា


លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំការរៀបចំបណ្ដាញសហគ្រិនស្ត្រីនៅកម្ពុជា និងបោះឆ្នោត ជ្រើសរើសប្រធាន និងអនុប្រធាន បណ្ដាញសហគ្រិនស្ត្រីនៅកម្ពុជា និងមានការអញ្ជើញចូលរួមពី លោកជំទាវ ឯកឧត្តម ដែលជាសមាជិក សមាជិកាគណៈកម្មការប្រឹក្សាយោបល់របស់ បណ្ដាញសហគ្រិនស្ត្រីនៅកម្ពុជា ចំនួន៦ក្រសួងស្ថាប័ន ។ កិច្ចប្រជុំនេះមានគោលបំណង ផ្តល់ការណែនាំផ្នែកគោលនយោបាយដល់បណ្តាញ និងភ្ជាប់ទំនាក់ទំនងរវាងវិស័យសាធារណៈនិងឯកជន។
គួរបញ្ជាក់ផងដែរថា៖ ស្របតាមតម្រូវការបណ្ដាញសហគ្រិនស្ត្រីអាស៊ាន(AWEN) តម្រូវឱ្យ ប្រទេសជាសមាជិកនីមួយៗបង្កើតបណ្ដាញសហគ្រិនស្ត្រី ដែលមានបេសកកម្មក្នុងការពង្រឹងនិងពង្រីកកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍសហគ្រិនភាពស្ត្រី និងជាតំណាងកម្រិតជាតិ តំបន់ និងអន្តរជាតិ។ ក្នុងក្របខណ្ឌ នេះ ក្រសួងកិច្ចការនារី បានដឹកនាំសម្របសម្រួល ក្នុងការរៀបចំ និងបង្កើតបណ្ដាញសហគ្រិនស្ត្រីនៅកម្ពុជាប្រមូលផ្តុំដោយតំណាងសមាគមនិងសហព័ន្ធតំណាងឱ្យស្រ្តីក្នុងវិស័យធុរកិច្ច ដែលបច្ចុប្បន្នមានសមាគមធុរកិច្ច ចំនួន០៥ បានចូលរួមជាសមាជិកបណ្ដាញ រួមមាន៖
(១) សមាគមសហគ្រិនស្ត្រីកម្ពុជា(CWEA)
(២) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)
(៣) សមាគមភ្នាក់ងារធ្វើដំណើរកម្ពុជា(CATA)
(៤) សភាយុវពាណិជ្ជករកម្ពុជា(JIC)
(៥) សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា (CPMEC)។
ក្នុងន័យនេះ គណៈកម្មការប្រឹក្សាយោបល់ បណ្ដាញ នឹងត្រូវបានរៀបចំឡើងដោយមានតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិក ។នៅព្រឹកថ្ងៃទីអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី ។