ពិធីសំណេះសំណាល និងប្រគល់-ទទួល កុំព្យូទ័រយួរដៃ ជូនលោកគ្រូអ្នកគ្រូថតវីដេអូបង្រៀនថ្នាក់ទី១២


រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាល ព្រមទាំងប្រគល់កុំព្យូទ័រយួរដៃ ដែលជាអំណោយរបស់ឯកឧត្ដមរដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ ដល់លោកគ្រូ អ្នកគ្រូចំនួន៦រូប ដើម្បីជាការថ្លែងអំណរគុណ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មអស់ពីកម្លាំងកាយចិត្តក្នុងការជួយថតវីដេអូបង្រៀនដោយមាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានជាអ្នកគ្រប់គ្រងបច្ចេកទេសក្នុងបន្ទប់ថតពហុផ្សព្វផ្សាយ ដំណើរការផលិត និងផ្សព្វផ្សាយលើបណ្ដាញសង្គម។

ពិធីជួបសំណេះសំណាល និងប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនោះ ឯកឧត្ដមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តលោកគ្រូ អ្នកគ្រូ ដែលបានជួយដល់ក្រសួងអប់រំ ក្នុងអំឡុងដែលសាលាដែលត្រូវបិទទ្វាដោយសារវិបត្តិជំងឺកូវីដ១៩។

ដោយឡែកលោកគ្រូអ្នកគ្រូ ក៏បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីដែលបានប្រគល់កុំព្យូទ័រដល់ពួកគាត់ ព្រមទាំងស្ម័គ្រចិត្តជួយជានិច្ច នៅពេលមានតម្រូវការពីក្រសួងអប់រំ ដើម្បីជាការចូលរួមចំណែកមួយក្នុងការអភិវឌ្ឍប្រទេសជាតិ៕

១៥ កក្កដា ២០២០ | អគាររដ្ឋបាលក្រសួងអប់រំ