ក្រសួងកសិកម្ម និងក្រុមហ៊ុនជប៉ុន រួមគ្នាលើកកម្ពស់វិស័យផលិតកម្មបន្លែកម្ពុជា ជាមួយបច្ចេកវិទ្យាទំនើប


(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្ដី វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញអធិបតីភាព ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណនៃការយោគយល់គ្នា ស្តីពី «ការអភិវឌ្ឍបន្លែសុវត្ថិភាព សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ» រវាងក្រសួងកសិកម្មជាមួយក្រុមហ៊ុន Yamato Green Co., Ltd។

គោលបំណងសំខាន់ៗ នៃឯកសារអនុស្សរណនេះរួមមាន៖

ទី១៖ ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរតាមរយៈការចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។
ទី២៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើផលិតកម្មបន្លែទាំងការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញ ទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅបរទេសតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យពីប្រទេសជប៉ុន។
ទី៣៖ ចូលរួមលើកកម្ពស់គុណភាព សុវត្ថិភាពបន្លែ និងនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ដើម្បីឆ្លើយតបតាមតម្រូវការ ឬតាមចំណង់ចំណូលចិត្តអ្នកបរិភោគ និងទីផ្សារនាំចេញ។
ទី៤៖ លើកកម្ពស់សមត្ថភាពអ្នកផលិត (ការប្រើប្រាស់បច្ចេកវិទ្យា ខ្សែច្រវាក់តម្លៃបន្ថែម និងនិន្នាការទីផ្សារ) និងការប្រើប្រាស់ធាតុចូល។

ឯកឧត្តមរដ្ឋមន្រ្ដី វេង សាខុន បានជម្រាបជូនឯកអគ្គរាជទូតជ្រាបថា ព្រឹត្តិការណ៍នៃការចុះហត្ថលេខានេះ បានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ពី ឆន្ទ:របស់រាជរដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងបច្ចេកទេស ដើម្បីចូលរួមអភិវឌ្ឍផលិតកម្មបន្លែកម្ពុជា ឲ្យមានការរីកចម្រើនសមស្របតាមសេចក្តីត្រូវការទីផ្សារបន្លែ ការចាប់យកកាលានុវត្តភាព ជាពិសេសតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្ដីបន្តថា ជាក់ស្តែងគោលបំណងសំខាន់ៗទាំង៤ខាងលើ បានបង្ហាញឲ្យឃើញ នូវការចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិស័យផលិតកម្មបន្លែកម្ពុជា ក្នុងទិសដៅធ្វើទំនើបភាវូបនីយកម្មបន្លែ គ្រប់ខ្សែច្រវាក់ផលិតកម្ម ប្រែក្លាយផលិតកម្មបែបលក្ខណ: គ្រួសារ ទៅជាផលិតកម្មបែបកសិ-ឧស្សាហកម្ម ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពតាមតម្រូវការក្នុងស្រុក និងនាំចេញ។

ឯកឧត្តមរដ្ឋមន្រ្ដីបន្ដថា ក្នុងបរិបទកំណើនសេដ្ឋកិច្ច និងជាពិសេសក្នុងកាលៈទេសៈ ដែលពិភពលោកកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ បានផ្តល់ឱកាសមាសដល់ប្រជា កសិករធ្វើការកែប្រែទម្លាប់ពីការផលិត សម្រាប់បម្រើសេចក្ដីត្រូវការក្នុងគ្រួសារ មកផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារពោល គឺពីកសិករ ទៅជាកសិ-ពាណិជ្ជករវិញ។

លោកបញ្ជាក់ថា ឯកសារ MoU ដែលបានចុះហត្ថលេខានាថ្ងៃនេះ មានលក្ខណ:គ្រប់គ្រាន់ ក្នុងការបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមក យ៉ាងប្រទាក់ក្រឡាក្នុងខ្សែច្រវាក់ផលិតកម្មបន្លែ ដោយចាប់ផ្តើមពីការដាំ ការថែរក្សា (ទឹក ជី ថ្នាំ ជំងឺ និងសត្វល្អិត) ការប្រមូលផល ការវេចខ្ចប់ ការរក្សាទុកក្នុងទូត្រជាក់ និងការដឹកជញ្ជូនទៅកាន់ទីផ្សារ ការផ្គត់ផ្គង់ធាតុចូល ការស្រាវជ្រាវ និងការផ្សព្វផ្សាយបច្ចេកទេស។ល។

លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា គម្រោងវិនិយោគនេះ នឹងធ្វើឲ្យមានការកែប្រែនៅលើខ្សែច្រវាក់ផលិតកម្មបន្លែកម្ពុជា នាពេលបច្ចុប្បន្នឲ្យមានលក្ខណ:ល្អប្រសើរ ទំនើប និងមានប្រសិទ្ធភាពទាំងផ្នែកសេដ្ឋកិច្ច និងសង្គម និងអាចឈានចាប់យកបាននូវឱកាស នៃការប្រកួតប្រជែងក្នុងការនាំចេញក្រោមស្លាកសញ្ញា Product of Cambodia។

លោករដ្ឋមន្ត្រីបានស្នើសុំឲ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមផ្តល់កិច្ចសហការ ដើម្បីឲ្យគម្រោងនេះ សម្រេចទទួលបានជោគជ័យតាមការគ្រោងទុក។

លោក Nabeshima Katsuhito ស្ថាបនិក និងជានាយកក្រុមហ៊ុន Yamato Green បានឲ្យដឹងថា ក្នុងនាមឲ្យនាយកក្រុមហ៊ុន និងដៃគូពាក់ព័ន្ធ ក្នុងគម្រោងបានសម្តែងនូវឆន្ទ:យ៉ាងមុតមាំ នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ប្រើប្រាស់សក្តានុពល និងធនធានដែលមានខ្លួន មាននាំយកបច្ចេកវិទ្យាចុងក្រោយ នៃវិស័យផលិតកម្មបន្លែទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ មកអនុវត្តនៅកម្ពុជា ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មបន្លែកម្ពុជា ធានាបរិមាណផ្គត់ផ្គង គុណភាព និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារ និងស្តង់ដារនាំចេញ ហើយក្រុមហ៊ុនជប៉ុនចំនួន១០ នឹងមកចូលរួមអភិវឌ្ឍគ្រប់ជ្រុងជ្រោយលើខ្សែច្រវាក់ផលិតកម្មបន្លែនេះ ទៅតាមជំនាញនីមួយៗ ហើយពិតណាស់កសិករជាអ្នកផលិត គឺជាដៃគូមិនអាចខ្វះបានក្នុងការឈានទៅសម្រេចជោគជ័យតាមផែនការនេះ។

លោកកបានស្នើសុំឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ចូលរួមសហការឲ្យបានពេញលេញ ដើម្បីឲ្យកាអនុវត្តគម្រោងនេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យទាំងក្រុមហ៊ុន និងកសិករ ឬដៃគូផលិតបន្លែទាំងអស់៕