ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ ហង់​ជួន ណារ៉ុន៖ កម្មវិធី​ទូរសព្ទ​ឆ្លាត​វៃ ​ជា​ដំណាក់​កាល​ថ្មី​នៃ​ការ​អប់រំ​បែប​ឌីជីថល


រាជធានី​ភ្នំពេញ៖ ​កម្មវិធី​ទូរសព្ទ​ឆ្លាត​វៃ “​ការ​អប់រំ​ពី​ចម្ងាយ” ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​លើក​កម្ពស់​ការ​អប់រំ​បែប​ឌីជីថល បង្កើត​ភាព​ងាយ​ស្រួល​សម្រាប់​សិស្ស និស្សិត អាច​ទាញ​យក​ឯកសារ​តាម​​មុខ​វិជ្ជា​ទៅតាម​ថ្នាក់ ព្រមទាំង​អាច​​គ្រប់គ្រង​ទិន្នន័យ តាមដាន​សកម្មភាព​សិក្សា​របស់​សិស្ស​បាន​ផង​ដែរ​ ដែល​​កម្មវិធី​នេះ​ត្រូវ​បាន​ផលិត​ដោយ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា និង​ព័ត៌មាន សហការ​ជាមួយ​ក្រុមហ៊ុន Sabay Digital ។

ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។ ក្នុង​ឱកាស​នោះ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ដំណាក់​ថ្មី​នៃ​ការ​អប់រំ​តាម​បែប​ឌីជីថល​នៅ​ប្រទេស​កម្ពុជា។ ឯកឧត្ដម​បាន​ថ្លែង​អំណរ​គុណ​ដល់​ឯកឧត្ដម ជា វ៉ាន់ដេត ដែល​បាន​ផ្ដួចផ្ដើម​បង្កើត​កម្មវិធី​នេះ​ឡើង ព្រមទាំង​បាន​បង្កើត​បណ្ណាល័យ​អេឡិចត្រូនិក និង​មាតិកា​អប់រំ​បែប​ឌីជីថល តាម​រយៈ​កិច្ចសហការ​ជាមួយ​សាធារណរដ្ឋ​កូរ៉េ។

ទន្ទឹម​នឹង​នេះ​ផង​ដែរ ឯកឧត្ដម​បណ្ឌិត​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​លោក​ សុក ថា ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ដែល​បាន​​បង្កើត គ្រប់គ្រង និង​​ដំណើរ​ការ​​បន្ទប់​ថត​ពហុ​ផ្សព្វផ្សាយ​ទាន់​ពេល​វេលា​ ខណៈ​សិស្ស​កំពុង​ត្រូវ​ការ​ចាំ​បាច់​នូវ​​មាតិកា​បែប​ឌីជីថល។​

សូម​ជម្រាប​ថា ក្រោម​អនុសាសន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​អប់រំ​បាន​ប្រកាស​អនុវត្ត​វិស្សមកាល​​តូច​មុន​ពេល​​កំណត់​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ យ៉ាង​នេះ​ក្ដី ក្រសួង​អប់រំ​បាន​ខិតខំ​រិះរក​មធ្យោបាយ​ផ្សេង​ៗ ដើម្បី​​បង្កើត​ឱកាស​ដល់​សិស្សានុសិស្ស​ ទោះ​បី​មិន​មាន​កញ្ចប់​ថវិកា​គ្រោង​ទុក​ក្ដី​៕

១៥ កក្កដា ២០២០ | ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍