ឯកឧត្តម ពេជ្រ វាសនា ជួបពិភាក្សាការងារជាមួយ​ អភិបាល​ស្រុកក្រឡាញ់​ និង អភិបាលស្រុកស្រីស្នំ​ ព្រមទាំងមេឃុំនៃស្រុកទាំងពីរ និងតំណាងអ្នកម៉ៅការសាងសង់ស្ពានរបស់​ក្រសួងការពារជាតិ​ ពាក់ព័ន្ធនឹង​ការលេីកទំនប់កាត់ ស្ទឹងស្រែង​


នៅថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ពេជ្រ វាសនា ជាប្រធានមុខព្រួញចុះជួយខេត្តសៀមរាប និងជាអនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមានការចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយ​ អភិបាល​ស្រុកក្រឡាញ់​ អភិបាលស្រុកស្រីស្នំ​ មេឃុំនៃស្រុកទាំងពីរ​ និងតំណាងអ្នកម៉ៅការសាងសង់ស្ពានរបស់​ក្រសួងការពារជាតិ​ ពាក់ព័ន្ធនឹង​ការលេីកទំនប់កាត់ ស្ទឹងស្រែងដេីម្បី​សាងសង់ស្ពាន​ ស្ថិតក្នុងឃុំត្រាំសសរ​ ស្រុកស្រីស្នំ​ ដែលធ្វើឲ្យ​ប៉ះពាល់ដល់លំហូរទឹកទៅផ្នែកខាងក្រោម​ សម្រាប់ការស្រោច​ស្រពផ្ទៃដីស្រូវវស្សាប្រមាណ​ ៥៥០ហិកតា​ ស្ថិតក្នុងឃុំ​តាអាន​ និងឃុំជន្លាសដៃ​ ស្រុកក្រឡាញ់។
ក្រោយពីកិច្ចពិភាក្សា​ តំណាងអ្នកម៉ៅការសាងសង់ស្ពានរបស់​ក្រសួងការពារជាតិ បានយល់ព្រមទទួល​យក​សំណូមពរក្នុងការកាយបេីក​មុខទឹកដេីម្បីបង្ហូរទឹកទៅផ្នែកខាងក្រោមក្នុងរយៈពេល​ ០២​ថ្ងៃ​ខាងមុខ​ទៀត​ សម្រាប់ផ្គត់ផ្គង់ទឹកដល់ស្រែដែលកំពុងខ្វះខាតទឹកខាងលេី ៕