សម្ដេចសាយ ឈុំ បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៣


ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ០៨:០០ នាទីនៅវិមានព្រឹទ្ធសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំ គណៈកម្មការអចិន្រ្តៃយ៍ព្រឹទ្ធសភានីតិកាលទី៣ ដែលមានរបៀបវារៈ ៖
១. ពិនិត្យ និង សម្រេចលើសំណើរបស់សមាជិកព្រឹទ្ធសភាស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ ។
២. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីគណបក្សនយោបាយ ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៣ ។
៣. កំណត់កាលបរិច្ឆេទ និងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៣ ។
ក្រោយពីបានស្ដាប់ឯកឧត្តមអគ្គលេខាធិការ រាយការណ៍ជូនអំពីលិខិតរបស់តំណាងហត្ថលេខីសមាជិកព្រឹទ្ធសភាចំនួន២៧រូប ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញស្របតាមការកំណត់ក្នុងមាត្រា១០៧ថ្មីនៃរដ្ឋធម្មនុញ្ញប្រការ១១ និងប្រការ១៤ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងស្ដាប់របាយការណ៍ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃព្រឹទ្ធសភា ស្ដីពីលទ្ធផលនៃការពិនិត្យ សិក្សាលើសេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីគណបក្សនយោបាយ អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានអនុម័តយល់ព្រមលើការស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញរបស់សមាជិកព្រឹទ្ធសភា២៧រូប ដោយកំណត់កាលបរិច្ឆេទប្រជុំវិសាមញ្ញព្រឹទ្ធសភានាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ០៨:០០នាទីព្រឹក ដោយមានរបៀបវារៈតែមួយគឺ : ពិនិត្យ និងឲ្យយោបល់លើសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីគណបក្សនយោបាយ ។