ប្រជាពលរដ្ឋ​នៅខេត្តកែប​ ទទួលបានប័ណ្ណសមធម៍​ប្រកបដោយតម្លាភាព​


នៅថ្ងៃអាទិត្យ​ទី១៩​ ខែកក្កដា​ ឆ្នាំ២០២០​ ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ រួមដំណេីរដោយ​ លោក​ លោកស្រីអភិបាលរងខេត្ត​ ប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត​ អាជ្ញាធរក្រុងកែប​ និងមន្រ្តីពាក់ព័ន្ធ បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ព្រៃធំ​ និងសង្កាត់អូរក្រសារ​ ។

ថ្លែងក្នុងកម្មវិធីសំណេះសំណាល​ និងសួរសុខទុក្ខនេះ​ ឯកឧត្តម​អភិបាលខេត្ត​ មានប្រសាសន៍ថា​ រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្តេចតេជោជាប្រមុខ​ តែងតែខ្វល់ខ្វាយ​អំពីសុខទុក្ខបងប្អូន​ប្រជាពលរដ្ឋទូទៅ​ ជាក់ស្តែងពេលនេះបងប្អូនយេីងកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩​ ធ្វេីអោយប្រាក់ចំណូលរបស់បងប្អូនមានការធ្លាក់ចុះ​ ទេីបប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ មានគោលការណ៍ផ្តល់ប្រាក់ឧបត្តម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានប័ណ្ណក្រីក្រ​ដែលចេញដោយអាជ្ញាធរ មានសុពលភាព​ និងឆ្លងកាត់ការពិនិត្យត្រឹមត្រូវតាមបច្ចេកទេស​របស់ក្រសួងផែនការ​ ។

ឯកឧត្តម​ បានបន្ថែមទៀតថា​ ចំពោះបងប្អូនដែលមានជីវភាពក្រីក្រ​ តែមិនទាន់ទទួលបានបណ្ណក្រីក្រី​ សូមរួសរាន់​ ដាក់ពាក្យស្នេីសុំសម្ភាសន៍​នៅអាជ្ញាធរមូលដ្ឋានដែលខ្លួនកំពុងរស់នៅ​ ករណីដែលពិនិត្យ​ និងសម្ភាសន៍​តាមបច្ចេកទេស​ ជាប់ថាក្រីក្រពិតប្រកដ​ ដេីម្បីរាជរដ្ឋាភិបាលចេញប័ណ្ណក្រីក្រជូនយកទៅប្រេីប្រាស់​ ។ បណ្ណក្រីក្រនេះ​ មិនត្រឹមតែយកទៅបេីកប្រាក់ឧបត្តម្ភ​ តែមួយមុខនោះទេ​ គឺយកទៅព្យាបាលជំងឺ និងទទួលសេវាសង្គមផ្សេងៗ​ ដោយមិនគិតសេវានោះឡេីយ​ ។

តាមរបាយការណ៍របស់មន្ទីរផែនការខេត្ត​ រាយការណ៍ដោយ​ លោក​ គង់ សាវ៉ាត បញ្ជាក់ថា គិតត្រឹមថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២០នេះ គ្រួសារក្រីក្រដែលស្នេីសុំសម្ភាសន៍​ ជាប់ជាគ្រួសារក្រីក្រ មានចំនួន ៣៤២គ្រួសារ ក្នុងនោះ ក្រកម្រិត១​ មានចំនួន​ ១១៤គ្រួសារ ក្រកម្រិត២​ មានចំនួន ២២៨គ្រួសារ ។ ដោយឡែកទិន្នន័យគ្រួសារក្រីក្រ​ដែលមានបណ្ណ័កាលពីឆ្នាំ២០១៧ មានចំនួន ១,៤២១គ្រួសារ ត្រូវបានធ្វើបច្ចុប្បន្នភាព និងសម្រេចដកបណ្ណក្រីក្រចេញ​ ចំនួន ១៧៣គ្រួសារ ដោយគ្រួសារទាំងនេះមានជីវភាពប្រសេីរឡេីងវិញ​ ។

ចុងបញ្ចប់​ ឯកឧត្តមអភិបាលខេត្ត​ បានអំពាវនា​ សូមអោយបងប្អូន​ ត្រូវមានអនាម័យខ្លួនប្រាណ​ រក្សាគន្លា​តសង្គម​ អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល​ ដេីម្បីជៀសឆ្ងាយពីការឆ្លងជំកូវីដ១៩​ ក្នុងសង្គម​ជាតិយេីង​ ។