ឯកឧត្តម សាយ សំអាល់ ជួបពិភាក្សា ការងារជាមួយគណៈប្រតិភូជ័យលាភីបវរកញ្ញាពិភពលោកឆ្នាំ ២០១៦


នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៧ នេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជួបពិភាក្សា ការងារជាមួយគណៈប្រតិភូជ័យលាភីបវរកញ្ញាពិភពលោកឆ្នាំ ២០១៦ និងបវរកញ្ញាខ្មែរអាម៉េរិកដោយបានលើកឡើងពីកិច្ចការមួយចំនួនដែលនឹងបំពេញរួមគ្នានៅអំឡុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជាចាប់ពីថ្ងៃទី២៥ កុម្ភៈ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៧ ក្នុងនោះមានសកម្មភាពអប់រំផ្សព្វផ្សាយអំពីបរិស្ថាននៅតាមសាលារៀន និងទីសាធារណៈនានា ព្រមទាំងចូលរួមក្នុងការប្រគុំតន្ត្រីបរិស្ថាន និងទេសចរណ៍នៅសាលមហោស្រពកោះពេជ្រនៅថ្ងៃទី៤ ខែមីនា ឆ្នាំ ២០១៦។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ជ័យលាភីបវរកញ្ញាពិភពលោកមកកាន់កម្ពុជា។ក្រុមជ័យលាភីបវរកញ្ញាបានសម្តែងនូវអំណរគុណក្រសួងបរិស្ថានដែលបានស្វាគមន៍ប្រកបដោយភាពកក់ក្តៅ។ ឯកឧត្តរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការបញ្ជ្រាបការយល់ដឹងអំពីកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍ ដោយចីរភាពគឺជាកិច្ចការសំខាន់ដែលក្រសួងបរិស្ថានបាននិងកំពុងធ្វើ ជាពិសេសចាប់ផ្តើមការអប់រំផ្សព្វផ្សាយបរិស្ថានដល់កុមារតូចៗរបស់កម្ពុជា។ ឯកឧត្តម សាយ សំអាល់ ក៏បានជម្រាបដល់គណៈប្រតិភូបវរកញ្ញាពិភពលោក ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងច្រើន និងបានចូលរួមក្នុងកិច្ចការបរិស្ថាន។