ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូចំនួន ៣ គម្រោង ក្នុងខេត្តស្វាយរៀង


នៅព្រឹកថ្ងៃអង្គារ៍ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូចំនួន ៣ គម្រោង ស្ថិតនៅក្នុងខេត្តស្វាយរៀង និងខេត្តកណ្ដាល អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ដែលប្រើប្រាស់ថវិកាជំពូក ២១ រួមមាន ៖
– គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន១ ខ្សែប្រវែង ៣ ៥០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ សាងសង់លូប្រអប់មុខ ៣ ចំនួន ១ កន្លែង លូមូលមុខ ១ ចំនួន ៣ កន្លែង ចាប់ពី ឃុំច្រេស ស្រុកចន្ទ្រា ទៅឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលជាគម្រោងប្រគល់ -ទទួល ១០០%។
– គម្រោងទី២ ៖ ការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ០១ ខ្សែ ប្រវែង ៤ ៥០០ ម៉ែត្រ ទទឹង៦ ម៉ែត្រ សាងសង់លូមូលមុខ ១ ចំនួន៩ កន្លែង លូមូលមុខ ២ ចំនួន ១ កន្លែង លូប្រអប់មុខ១ ចំនួន១ កន្លែង ស្ថិតនៅក្នុងឃុំព្រៃគគីរ ឃុំច្រេស ឃុំទួលស្តី និងឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលជាគម្រោងបញ្ចប់សុពលភាព។
– គម្រោងទី៣៖ ការងារស្ថាបនាផ្លូវក្រាលល្បាយខ្សាច់ភ្នំចំនួន ១ ខ្សែ ប្រវែង ៦ ០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ស្ថិតនៅក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដែលជាគម្រោងបញ្ចប់សុពលភាព៕