ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់កងទ័ពត្រូវមានភាពម្ចាស់ការគ្រប់ពេល ព្រោះពួកអគតិនៅតែចិញ្ចឹមចិត្តបន្តញុះញង់ បំបែកបំបាក់ជាតិ


(បាត់ដំបង)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រាប់ទៅនាយទាហាន នាយរង និងពលទាហានទាំងអស់ចំណុះបញ្ជាការដ្ឋាន ត្រូវតែរក្សាឲ្យមានភាពម្ចាស់ការជាចាំបាច់ ព្រោះពួកអគតិនៅតែចិញ្ចឹមចិត្តបន្តញុះញង់ បំបែកបំបាក់ជាតិ ហើយរង់ចាំគ្រប់ពេលវេលា។

ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហានកងការពារព្រំដែនលេខ៥០២ យោធភូមិភាគទី៥ ខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា គោលដៅអាទិភាពរបស់កងទ័ព គឺជាការថែរក្សាសុខសន្តិភាព ស្ថិរភាពឲ្យបានដាច់ខាត មិនឲ្យអ្នកណាបំផ្លាញបាន ហើយគោលដៅបន្ទាប់ គឺការការពារ ជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋាភិបាលស្របច្បាប់ ដែលទាំងអស់នេះ ជាភារកិច្ចរបស់យោធិនគ្រប់រូប។

មេបញ្ជាការកងទ័ពជើងគោករូបនេះ ក៏បានក្រើនរំលឹកឲ្យគ្រប់អង្គភាពទាំងអស់ ត្រូវរក្សានូវសាមគ្គីភាព និងសតិអារម្មណ៍ផ្ទៃក្នុងអង្គភាពឲ្យបានល្អ ហើយចងចាំថា សន្តិភាពផ្ទៃក្នុង ជាកត្តាចំាបាច់ណាស់ ក្នុងការគ្រប់គ្រងសភាពការណ៍ យថាហេតុណាមួយដែលអាចកើតទ្បើង ដូច្នេះមេដឹកនាំអង្គភាពគ្រប់ជាន់ថ្នាក់ បន្តការប្រុងប្រយ័ត្ន ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ដើម្បីរក្សានូវសុខភាពល្អរបស់យោធិនគ្រប់រូប។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ គឺជាខែលសម្រាប់ការពារសន្តិភាព យោធិនគ្រប់រូបត្រូវមានភាពរឹងមាំ ហើយច្បាស់លាស់ ជាមួយគោលការណ៍ ថែរក្សាសុខសន្តិភាព ដែលបានមកដោយការលំបាក និងមិនចាញ់ការញុះញង់ណាមួយ ក្នុងន័យបំបែកបំបាក់សន្តិភាព។ ទាំងនេះហើយ ជាខែលការពារជាតិដ៏រឹងមាំ ដែលបានថែរក្សាជាច្រើនឆ្នាំមកហើយ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធ ក៏អាចជាដាវកាត់ផ្តាច់សន្តិភាពផងដែរ បើមានការធ្វេសប្រហែស បាត់ម្ចាស់ការ បាត់ការស្មោះត្រង់ បាត់ការជឿជាក់លើរាជរដ្ឋាភិបាល៕