សិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពីការឆ្លើយតបទៅនឹងជនងាយរងគ្រោះដែលកំពុងបម្លាស់ទី (ចំណាកស្រុកនិងសមាហរណកម្ម)


ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពីការឆ្លើយតបទៅនឹងជនងាយរងគ្រោះដែលកំពុងបម្លាស់ទី (ចំណាកស្រុក និងសមាហរណកម្ម) ដែលរៀបចំដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងមានការសហការរៀបចំពីអង្គការការីតាស់ស្វីស ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ព្រមទាំងមានការអញ្ជើញចូលរួម ខេត្តជាប់ព្រំដែនចំនួន ០៥ រួមមានខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន និងអង្គការដៃគូជាតិ អន្តរជាតិ នៅសណ្ឋាគារក្លាស់ស៊ី &ស្ប៉ា នៃទីរួមខេត្តបាត់ដំបង។
សិក្ខាសាលានេះ បានផ្តោតសំខាន់ទៅលើការពិភាក្សាអំពីផែនការសកម្មភាពដែលត្រូវបង្កើតឡើងដោយបញ្ចូលតួនាទី ភារកិច្ច និងទំនួលខុស្សត្រូវរបស់អង្គភាពពាក់ព័ន្ធនីមួយៗ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការនៃដំណោះស្រាយជនចំណាកស្រុកងាយរងគ្រោះ និងវិធីសាស្រ្តគ្រប់គ្រងករណីជួយជនរងគ្រោះជាដើម៕