អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានប្រារព្ធកិច្ចប្រជុំពិសេសនៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (CPPM)


នាព្រឹកថ្ងៃអង្គារ ០១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានប្រារព្ធកិច្ចប្រជុំពិសេសនៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (CPPM) ក្នុងគោលបំណងពិនិត្យនិងដោះស្រាយនូវសំណូមពរ និងបញ្ហានានារបស់វិស័យឯកជន ជាពិសេសពាក់ព័ន្ធនឹងប្រតិបត្តិការនាំចេញ-នាំចូលទំនិញ ក្នុងអំឡុងពេលនៃការរីករាលដាលជាសកលនៃវីរុសកូវីដ-១៩។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាសហប្រធាននៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីនៃគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មកម្ពុជា។