សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាព កុំឲ្យឆ្លងជំងឺកូវីដ-១៩


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ តាមរយៈ Facebook ផ្លូវការ សម្តេចតេជោនៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមថែរក្សាសុខភាពឲ្យបានល្អ កុំឲ្យឆ្លងជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះបីកម្ពុជាពុំមានអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ១៩ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេល កុំមើលស្រាលជំងឺកូវីដ-១៩ឲ្យសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

វិធីការពារខ្លួនពីជំងឺនេះ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសឲ្យបានជាប្រចាំ។

សម្តេចបានបង្ហោះសារក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «សូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព កុំឲ្យឆ្លងជំងឺកូវីដ-១៩។ ទោះបីកម្ពុជាយើងមានអត្រាឆ្លងកូវីដ-១៩ទាប ឬទោះបីពុំមានអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ១៩ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋត្រូវ មានការប្រុងប្រយ័ត្នគ្រប់ពេល កុំមើលស្រាលជំងឺកូវីដ-១៩ឲ្យសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

អ្វីដែលយើងទាំងអស់គ្នាអាចធ្វើបានងាយៗគឺ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសឲ្យបានជាប្រចាំ។ យើងរស់នៅត្រូវមានសុខភាពល្អ ព្រោះបើអស់សុខភាពហើយ អ្វីៗក៏នឹងបាត់បង់ទៅជាមួយដែរ»។

សូមជម្រាបថា រហូតមកដល់ពេលនេះ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៩៧នាក់ (ស្ត្រី៤៣នាក់ និងបុរស១៥៤នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន១៤០នាក់ (ស្រី៣៩នាក់ និងបុរស១០១នាក់) ខណៈអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៥៥នាក់៖ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០៧នាក់ (ស្ត្រី០១នាក់ និងបុរស០៦នាក់), នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ សរុបចំនួន៤៨នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា៖ ជាស្ត្រីជនជាតិអាមេរិកកាំង០២នាក់៕