ក្រុមការងារបច្ចេកទេសផ្លូវថ្នល់ត្រូវយកចិត្តទុកដាក់លើការសាងសង់ផ្លូវឱ្យមានគុណភាពរឹងមាំតាម បទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យាគម្រោង ដើម្បីធានាដល់ការប្រើប្រាស់ជាប់បានយូរអង្វែង និង ជៀសវាងបាននូវពាក្យទិទៀនថា៖ (ធ្វើផ្លូវជាប់រហូត)


ថ្ងៃអង្គារ ១កើត ខែស្រាឍណ៏ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារ ណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាថ្នាក់ដឹកនាំក្រុមការងារបច្ចេកទេសផ្លូវថ្នល់ ដោយមានការចូលរួមពីតំណាងកងវិស្វកម្ម ព្រមទាំងមន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួងផងដែរ។
កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការយកចិត្តទុកដាក់លើការសាងសង់ផ្លូវឱ្យមានគុណភាពរឹងមាំតាមបទ ដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យាគម្រោង ដើម្បីធានាដល់ការប្រើប្រាស់ជាប់បានយូរ ព្រមទាំងពិភាក្សា រកដំណោះស្រាយក្នុងការពន្លឿនការងារសាងសង់ឱ្យកាន់តែមានសន្ទុះទៅមុខផងដែរ។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមអគ្គនាយក បានជំរុញឱ្យអង្គភាពអនុវត្តគម្រោងគោរព តាម កិច្ចសន្យា និងសៀវភៅបន្ទុក និងបានណែនាំថា៖ ប្រធានការដ្ឋានត្រូវមានចំណេះដឹងជំនាញច្បាស់ លាស់ លើការងារសាងសង់ផ្លូវថ្នល់ មានសមត្ថភាពរៀបចំផែនការសកម្មភាពទាក់ទងនឹងការងារសាងសង់ រៀបចំគ្រឿងចក្រឱ្យបានត្រឹមត្រូវតាមទំហំការងារជាក់ស្តែង ស្របតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែគូសបញ្ជាក់ថា៖ ធ្វើផ្លូវឱ្យបានរឹងមាំមិនមែនធ្វើផ្លូវជាប់រហូតនោះទេ។
លើសពីនេះទៀត ឯកឧត្តមអគ្គនាយកបានទទួចស្នើឱ្យអង្គភាពអនុវត្តគម្រោងយកចិត្តទុកដាក់ធ្វើយ៉ាងណា សាងសង់ផ្លូវតាមស្តង់ដាបច្ចេកទេស កៀរ កិន បង្ហាប់ទៅតាមស្រទាប់នីមួយៗ និងធានាបានថាកម្រាស់ ស្រទាប់គ្រឹះមានភាពត្រឹមត្រូវតាមកិច្ចសន្យា ធានាបាននូវមានភាពរឹងមាំ ប្រើប្រាស់ជាប់បានយូរ កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិដែលរកបានដោយលំបាកសម្រាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់។
ជាមួយគ្នានោះផងដែរ ឯកឧត្តមអគ្គនាយកប្រធានអង្គប្រជុំបានក្រើនរំលឹកនូវការទទួលខុសត្រូវរបស់ក្រុម ការងារបច្ចេកទេសផ្លូវថ្នល់ចំពោះមុខក្រុមការងារពិសេសដែលបង្កើតឡើងដោយឯកឧត្តមទេសរដ្ឋមន្ត្រី ដែលតែងតែចុះពិនិត្យគុណភាពនៃការសាងសង់ដោយមិនបានប្រាប់ជាមុន ដើម្បីតាមដាននិងធានានូវ ការគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ៕