សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍកុមារតូច


កាលពីព្រឹកមិញថ្ងៃទី ០១​ ខែ មីនា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើក សន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍកុមារតូច នៅសណ្ឋាគារអង្គរអេរ៉ា ទីក្រុងសៀមរាប ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ សន្និសីទនេះ មានការចូលរួមពីប្រតិភូអន្តរជាតិជាន់ខ្ពស់មកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រតិភូជាតិមកពីក្រសួងស្ថាប័នពាក់ព័ន្ធការអប់រំកុមារមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានសេចក្តីសោមនស្សរីករាយ និងបានស្វាគមន៍ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដែលបានយកចិត្តទុកដាក់លើសុខសុវត្ថិភាពនិងសុខុមាលភាពរបស់កុមារ តាមរយៈការ រៀបចំសន្និសីទនេះ។ ចំពោះកម្ពុជាវិញគឺចាប់តាំងពីរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុល ពតបាន នៅថ្ងៃ ៧ មករា ១៩៧៩ គឺកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចគាំពារកុមារ ព្រមទាំងបានចែងនៅក្នុងរដ្ឋធម្មនុញ្ញជាតិទៀតផង។ កិច្ចគាំពារសំខាន់ៗមួយចំនួនដូចជា ការផ្តល់អាហារូបត្ថម្ភ ការបំបៅដោះម្តាយ ការអប់រំ និងការថែទាំសុខភាពជាដើម។
សន្និសីទអន្តរជាតិថ្នាក់តំបន់នេះគឺពិតជាមានសារសំខាន់ណាស់ក្នុងការគាំពារ និងជំរុញការអភិវឌ្ឍន៍កុមារតូច ប្រកបដោយសមធម៌ និងទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្ពោះទៅឆ្នាំ២០៣០ ដែលធានាថា គ្រប់កុមារតូចទាំងអស់ មានឱកាសទទួលបាននូវការអភិវឌ្ឍ និងគាំពារតាំងពីកុមារភាព។ ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គឺកុមារតូចទាំងអស់ត្រូវទទួលបាននូវការគាំពារ ការអប់រំកម្រិតមតេយ្យសិក្សា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឲ្យពួកគេទាំងអស់ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរៀនទៅតាមកម្រិតនៃបឋមសិក្សា។ សម្តេចតេជោបានសង្កត់ធ្ងន់ផងដែរថា ទន្ទឹមនឹងការប្រជុំពិភាក្សាអំពីការថែទាំគាំពារកុមារ គឺត្រូវបន្ថែមសិទ្ធិរស់រានមានជីវិតរបស់កុមារផងដែរ។ ព្រោះដោយសារសង្រ្គាមនៅតាមបណ្តាប្រទេសមួយចំនួន គឺបានបណ្តាលអោយកុមារស្លាប់បាត់បង់ជីវិតយ៉ាងច្រើន ហើយតើនរណាទទួលខុសត្រូវលើបញ្ហានេះ? សម្តេចតេជោក៏បានអំពាវនាវដល់អង្គសន្និសីទ និងបណ្តាប្រទេសធំៗក្នុងពិភពលោកចូលរួមយកចិត្តទុកដាក់និងទទួលខុសត្រូវអោយបានខ្ពស់ក្នុងកិច្ចការពារកុមារ ហើយមិនត្រូវទម្លាក់កំហុសមកលើតែប្រទេសតូចៗទន់ខ្សោយទេ។
សម្តេចតេជោ បានមានប្រសាសន៍អំពីកិច្ចគាំពារ និងអភិវឌ្ឍន៍កុមារតូចៗគឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់បំផុត ព្រោះកុមារតូចងាយប្រឈមនិងទទួលគ្រោះថ្នាក់ផ្សេងៗ។ ដើម្បីសំរេចបាននូវគោលនយោបាយនេះទាមទាត្រូវមានយន្តការបទដ្ឋានគតិយុត្ត សំរាប់បង្កើតគណៈកម្មាធិការគាំពារ និងអភិវឌ្ឍន៍កុមារតូចៗ និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា រាជរដ្ឋាភិបាល ក៏បានជំរុញការផ្សព្វផ្សាយក្នុងការចិញ្ចឹមបីបាច់ថែរក្សាកុមារតាមរយៈការជំរុញបំបៅដោយទឹកដោះម្តាយ ឲ្យដល់៥៩ខែ ហើយក៏បានប្រឹងប្រែងជំរុញទប់ស្កាត់ជំងឺតម្កាត់ផ្សេងៗជាច្រើនផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងភរិយា ព្រមទាំងក្រុមគ្រួសារ តែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវអោយក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចំណែកជំរុញ និងអនុវត្តគោលនយោបាយជាតិ ស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូចៗអោយមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍នានា ក្នុងគោលបំណងលើកទឹកចិត្តអោយមានការចូលរួមអនុវត្តអោយបានជោគជ័យ៕