មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងអាជ្ញាធរដែនដីឃុំដំណាក់អំពិលបានធ្វើការចុះត្រួតពិនិត្យមេីលស្ថានភាពការងារបង្កបង្កើនផល និងគ្រោះរាំងស្ងួត


នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញទទួលបន្ទុកខេត្តកណ្តាល ព្រមទាំងសហការី សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងអាជ្ញាធរដែនដីឃុំដំណាក់អំពិលបានធ្វើការចុះត្រួតពិនិត្យមេីលស្ថានភាពការងារបង្កបង្កើនផល និងគ្រោះរាំងស្ងួត នៅក្នុងភូមិសាស្ត្រស្រុកអង្គស្នួល និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
– បានចុះជួយជាបន្ទាន់លេីការងារស្តារប្រឡាយនាំទឹក ប្រវែង ១១០០ម៉ែត្រ ដេីម្បីជួយអន្តរាគមន៍សង្គ្រោះសំណាប សន្ទូង និងពង្រោះប្រមាណ ៧០ហិកតា​ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល​ ស្រុកអង្គស្នួល។
– ពិនិត្យស្ថានភាពតាមទីតាំងដាក់ម៉ាស៊ីនអន្តរាគមន៍ កម្លាំង ៦៥សេះ ទាំង​០៤ចំណុច នៅក្នុងស្រុកកណ្តាលស្ទឹង ដែលកំពុងដំណើរការ ក្នុងនោះឃុំរកា ម៉ាស៊ីនបូមទឹកចល័តធុនមធ្យម ចំនួន ២គ្រឿង ប្រភពទឹកស្ទឹងតូច និងស្ទឹងព្រែកត្នោត, ឃុំរលាំងកែន ម៉ាស៊ីនបូមទឹកចល័តធន់មធ្យម ចំនួន ០១គ្រឿង ប្រភពទឹករណ្តៅខ្សាច់ និងឃុំត្រពាំងវែង ម៉ាស៊ីនបូមទឹកចល័តធន់មធ្យម ចំនួន ០១គ្រឿង ប្រភពទឹកប្រឡាយមេ៧៨​ សង្គ្រោះផ្ទៃដីប្រឈមនឹងគ្រោះរាំងស្ងួតសរុប ៥២០ហិកតា​ ៕