អភិបាលខេត្តមណ្ឌលគិរី អំពាវនាវពលរដ្ឋរួមគ្នាថែរក្សា ការពារធនធានធម្មជាតិ និងមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ និងមជ្ឈមណ្ឌលវប្បធម៌ផ្សេងៗ ឱ្យបានគង់វង្ស


(មណ្ឌលគិរី)៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅក្នុងពិធីអបអរសាទររុក្ខទិវា៩ កក្កដា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សា ការពារធនធានធម្មជាតិ ក៏ដូចជាមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ និងមជ្ឈមណ្ឌលវប្បធម៌ផ្សេងៗឱ្យបានគង់វង្ស ដើម្បីធ្វើការអភិវឌ្ឍន៍តំបន់ទាំងនោះឱ្យក្លាយជាតំបន់មួយ ដែលអាចទាក់ទាញ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី មានការកើនឡើងជារៀងរាល់ឆ្នាំ។

ពិធីនេះធ្វើឡើងនៅបរិវេណភ្នំដោះក្រមុំ ភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់ថា កន្លងមកអាជ្ញាធរក៏ដូចជាមន្រ្តីជំនាញ ក៏បានដាំកូនក្ងោក កូនស្រល់ និងកូនឈើឈើប្រណិតរាប់រយដើមនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំនេះ ដូច្នេះដើម្បីឱ្យដើមឈើទាំងឡាយនោះ មានការដុះលូតលាស់ល្អ គឺទាល់តែមន្រ្តីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សា ការពារ ចៀសវាងការកាប់ទន្រ្ទាន នៅបរិវេណភ្នំដោះក្រមុំ និងត្រូវរក្សាការពារផ្ទៃដីរបស់រដ្ឋនៅតំបន់មួយចំនួនទៀតឱ្យនៅគង់វង្ស ដើម្បីជាសក្តានុពលសម្រាប់ការអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី និងជាសក្តានុពលសម្រាប់ទាក់ទាញ ភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកទស្សនាកំសាន្តផងដែរ។

ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា នៅខេត្តមណ្ឌលគិរី ប្រសិនបើយើង មិនបានកំណត់តំបន់ការពារធនធានធានធម្មជាតិ ឱ្យបានច្បាស់លាស់នោះទេ តំបន់ទាំងនោះ នឹងក្លាយជាតំបន់ ដែលមិនមានសក្តានុពលព្រៃឈើ និងមិនមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរផងដែរ ដូច្នេះមានតែសក្តានុពលធនធានធម្មជាតិទេ ដែលធ្វើឱ្យខេត្ត មានការអភិវឌ្ឍន៍រីកចម្រើនទៅមុខ និងមានការទាក់ទាញពីភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ក៏ដូចជានៅតំបន់ធនធាន ធម្មជាតិមួយចំនួនក្នុងខេត្ត ដើម្បីរួមគ្នាថែរក្សា ការពារ និងអភិវឌ្ឍន៍ព្រៃឈើ ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ជាតិ ជាពិសេស ប្រែក្លាយតំបន់នេះ ឱ្យមានគំរបបៃតងស្រស់បំព្រង និងមានសោភ័ណ្ឌបរិស្ថានល្អផងដែរ។

តាមរបាយការណ៍របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ការប្រារព្វទិវាពលកម្មដាំដើមឈើប្រពៃណីជាតិ ហៅថា រុក្ខទិវា ត្រូវបានធ្វើឡើងនៅថ្ងៃទី ៩ កក្កដា ជារៀងរាល់ឆ្នាំ នៅទូទៅប្រទេស សំដៅធានានូវការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្សជីវៈចំរុះ និងមរតវប្បធម៌។

ដោយឡែក នៅខេត្តមណ្ឌលគិរី រដ្ឋបាលខេត្តសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏បានរៀបចំប្រារព្វពិធីបុណ្យ រុក្ខទិវា នាពេលនេះ និងបានជ្រើសរើសយកកូនឈើ ប្រភេទស្រល់ សរុបចំនួន ១០០០ដើម ដើម្បីយកមកដាំនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ និងបានផ្តល់កូនឈើ ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបី មន្រ្តីរាជការ និងប្រជាពលរដ្ឋ ដើម្បីបំផុសឱ្យចូលរួមស្រលាញ់ធនធាតិធម្មជាតិ៕