សម្តេចតេជោ ហ៊ុន សែន ផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាស៥គ្រឿង ដាក់តាមមន្ទីរពេទ្យ និងកាកបាទក្រហមកម្ពុជា


(ភ្នំពេញ)៖ ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយទាញយកពីបរិកាសចំនួន៥គ្រឿង ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផ្តល់ដាក់នៅតាមមន្ទីរពេទ្យ និងកាកបាទក្រហមកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់។

ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយទាញយកពីបរិយាកាសធម្មជាតិ ហៅថា WATERGEN នឹងផ្តល់ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ចំនួន ០១គ្រឿង, មន្ទីរពេទ្យកាល់ម៉ែត ១គ្រឿង, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ព្រះកុសុមៈ) ១គ្រឿង និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ១គ្រឿង។ ដោយឡែកកាកបាទក្រហមកម្ពុជា ត្រូវបានផ្តល់ជូនម៉ាស៊ីនមួយគ្រឿង រួមជាមួយរថយន្តចល័ត និងម៉ាស៊ីងភ្លើងមួយឈុត ដើម្បីធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋានទីសាធារណៈក្នុងប្រទេសកម្ពុជា ដែលអាចនឹងជួបគ្រោះរាំងស្ងួត ឬមានតម្រូវការប្រើប្រាស់ទឹកស្អាតជាចាំបាច់។

នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះមួយគ្រឿង ត្រូវបានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងសម្តេចតេជោ ហ៊ុន សែន យកទៅប្រគល់ជូនមន្ទីរពេទ្យកាល់ម៉ែត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) គឺជាបច្ចេកវិទ្យារបស់ប្រទេសអ៊ីស្រាអែល ហើយមានសមត្ថភាពផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស បានប្រមាណ ៨០០លីត្រក្នុងមួយថ្ងៃ ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ម៉ាស៊ីនផលិតទឺកសុទ្ធនេះ គឺទាញយកខ្យល់ក្នុងបរិយាកាសមកផលិតជាទឹកបរិសុទ្ធតែម្តង។ បើតាមឯកឧត្តម ស៊ុន ចាន់ថុល ម៉ាស៊ីននេះមួយគ្រឿងតម្លៃជាង ៦ម៉ឺនដុល្លារអាមេរិក។

ឯកឧត្តម ស៊ុន ចាន់ថុល បានរំលឹកថា ក្នុងពេលលោកអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនាទីក្រុងដាវូស ប្រទេសស្វីស ឯកឧត្តមបានឃើញពីភាពអស្ចារ្យនៃម៉ាស៊ីនផលិតទឹកនេះ ហើយអាចចូលរួមឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅកម្ពុជានៅកន្លែងផ្តល់សេវាសាធារណៈផ្សេងៗនោះ ឯកឧត្តមក៏បានជម្រាបសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីទិញមកដាក់នៅតាមមន្ទីរពេទ្យតែម្តង។

ឯកឧត្តមសាស្រ្តាចារ្យឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានឧបត្ថម្ភម៉ាស៊ីនផលិតទឹកសុទ្ធនេះ ដើម្បីបំពេញតម្រូវការរបស់មន្ទីរពេទ្យ។ ជាពិសេសអ្នកជំងឺដែលសម្រាកព្យាបាល និងរកសេវាពិគ្រោះជំងឺនៅមន្ទីរពេទ្យ ព្រមទាំងអ្នកមើលថែអ្នកជំងឺសរុបជាង ៦ពាន់នាក់ក្នុងមួយថ្ងៃនោះ។

បើតាមឯកឧត្តម ឈាង រ៉ា ម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះមិនត្រឹមតែបំពេញតម្រូវការរបស់អ្នកជំងឺប៉ុណ្ណោះទេ តែក៏សម្រាប់ក្រុមគ្រូពេទ្យ និងបុគ្គលិកជិត ២ពាន់នាក់ប្រើប្រាស់ផងដែរ។

ឯកឧត្តម ឈាង រ៉ា បានលើកឡើងថា ទឹកបរិសុទ្ធនេះ មានគុណសម្បត្តិខ្ពស់សម្រាប់សុខភាព ហើយក៏ចូលរួមក្នុងការថែទាំបរិស្ថានផងដែរ ដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទីកតាមរយៈប្រើទឹកសុទ្ធដប។

ប្រធានមន្ទីរពេទ្យកាល់ម៉ែត្រ បានគូសបញ្ជាក់ថា អំណោយម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះ ពិតជាមានតម្លៃថ្លៃថ្លាពិសេសណាស់។

ក្នុងពិធីប្រគល់ម៉ាស៊ីនទឹកបរិសុទ្ធនាព្រឹកមិញនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់ប្រជាពលរដ្ឋទៅរកសេវានៅមន្ទីរពេទ្យកាល់ម៉ែតចូលរួមថែទាំងម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះ ដើម្បីប្រើប្រាស់ឱ្យបានយូរអង្វែង៕