គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប


គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមន្ទីរពាក់ព័ន្ធនឹងការទទួលបន្ទុករបស់គណៈកម្មការ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសាលប្រជុំរបស់សាលាខេត្ត។
ជំនួបពិភាក្សាការងារនាពេលនេះ ក្នុងគោលបំណងស្វែងយល់ពីស្ថានភាពភូមិសាស្ត្រទូទៅ ការអនុវត្តច្បាប់នានា លើវិស័យផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងប្រមូលព័ត៌មានអំពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់របស់ខេត្ត លទ្ធផលការងារ បញ្ហាប្រឈម វិធានការដោះស្រាយរបស់ខេត្តដើម្បីរួមគ្នារកដំណោះស្រាយ និងទិសដៅការងារនាពេលខាងមុខ ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
គណៈប្រតិភូរដ្ឋសភា បានទទួលស្វាគមន៍ដោយ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម អុឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី​ ឯកឧត្តម នូ ផល្លា​ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការផងដែរ។