ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានដឹកនាំគណៈកម្មការនានារបស់រដ្ឋសភា​ ជួបពិភាក្សាជាមួយ វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (The NGO Forum on Cambodia)


ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានដឹកនាំគណៈកម្មការនានារបស់រដ្ឋសភា​ ជួបពិភាក្សាជាមួយ វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (The NGO Forum on Cambodia) នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នាសាលបាយ័ន នៃវិមានរដ្ឋសភា។
វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា ដោយធ្វើបទបង្ហាញ និងពិភាក្សាលើប្រធានបទមួយចំនួនដូចជា៖
១- របកគំហើញនៃការសិក្សារបស់ទ្រឹស្តីឯករាជ្យស្តីពីការចំណាយសាធារណៈរបស់រដ្ឋ សម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងអនុសាសន៍
២- របាយការណ៍អង្កេតការផ្សព្វផ្សាយថវិកានៅប្រទេសកម្ពុជា ឆ្នាំ២០១៩ និងអនុសាសន៍ និងរបកគំហើញនៃការសិក្សារបស់ទីប្រឹក្សាឯករាជ្យស្តីពីការពិនិត្យលើក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ ស្តីពីការចូលរួមជាសាធារណៈនៅក្នុងដំណើរការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
៣- ផែនការឆមាសទី២ ឆ្នាំ២០២០ និងកិច្ចសហប្រតិបត្តិការរវាង អង្គការសង្គមស៊ីវិល និងរដ្ឋសភាជាតិ
៤- ស្វែងយល់ពីផែនទីបង្ហាញផ្លូវ ស្តីពី ដំណើរការនៃការរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងដំណើរការរៀបចំច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។