អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់


នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នឹងអញ្ជើញចុះដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ នៅបរិវេណវត្តបាកាន ស្រុកបាកាន ខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះដោះស្រាយ និងសម្របសម្រួលបញ្ហាប្រឈម ក៏ដូចជាទំនាស់ផ្សេងៗគ្នា ចំនួន២៥ករណី ដល់មូលដ្ឋានផ្ទាល់ ដើម្បីជម្រះនូវសតិអារម្មណ៍ ឱ្យបានជ្រះស្រឡះទាំងអស់គ្នា និងដើម្បីកាត់បន្ថយកុំឱ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅឆ្ងាយដល់សាលាខេត្ត ទៅលើរឿងក្តីក្តាំបន្តិចបន្តួច រហូតទៅដល់បាត់បង់ពេលវេលា បាត់បង់ឱកាស និងបាត់បង់ថវិកាក្នុងក្រុមគ្រួសារ។

កិច្ចដំណោះស្រាយ ត្រូវបានធ្វើឡើងនៅលើសាលាឆាន់វត្តបាកាន ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ដោយបានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ម៉ៅ ធនិន ក៏បានផ្តល់ជូនប័ណ្ណសរសើរ និងអំណោយមួយចំនួន ជូនដល់លោក មី សុផាត និងក្រុមគ្រួសារ រស់នៅស្រុកបាកាន ដែលបានប្រគល់វត្ថុបូរាណ រូបព្រះគណេសមួយអង្គ ជូនសារមន្ទីរខេត្ត ដើម្បីរក្សាទុក កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩កន្លងទៅ៕