សំណង់ដែលគ្មានច្បាប់អនុញ្ញាត និងសាងសង់ខុសបច្ចេកទេស ត្រូវតែចូលរួមគោរពតាមច្បាប់សំណង់ មានច្បាប់អនុញ្ញាតសាងសង់ និងគោរពតាមបទដ្ឋានបច្ចេកទេសសំណង់


នារសៀលថ្ងៃពុធ ០៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យសំណង់ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងលោក លោកស្រី អភិបាល អភិបាលរងខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ។ គ្រប់សំណង់អគារទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវតែគោរពតាមបទដ្ឋានបច្ចេកទេសសំណង់ និងមានច្បាប់អនុញ្ញាតសាងសង់ ដើម្បីធានាឱ្យបាននូវគុណភាពសំណង់អគារគង់វង្សយូរអង្វែង ចំពោះសំណង់ដែលមានសភាពចាស់ទ្រុឌទ្រោមរដ្ឋបាលខណ្ឌទាំង១៤ ត្រូវចេញសេចក្ដីជូនដំណឹង និងចុះណែនាំជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងនោះមានការប្រុងប្រយ័ត្នខ្ពស់៕