ឯកឧត្តម ចាន់ ស៊ីណាត បានដឹកនាំក្រុមការងាររបស់ក្រសួង ចុះ ធ្វើការត្រួតពិនិត្យលើតំបន់ប្រព័ន្ធប្រឡាយជើងក្អែបក្នុងគម្រោងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង


នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានដឹកនាំក្រុមការងាររបស់ក្រសួង និងក្រុមទីព្រឹក្សាប្រព័ន្ធប្រឡាយជើងក្អែបប្រចាំក្រសួងធនធានទឹក និងឧតុនិយម MOWRAM ជាច្រើនរូប និង លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចុះ ធ្វើការត្រួតពិនិត្យលើតំបន់ប្រព័ន្ធប្រឡាយជើងក្អែបក្នុងគម្រោងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ត្រង់ភូមិសាស្ត្រឃុំកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
អញ្ជើញចូលរួមក្នុងពេលនេះផងដែរ រួមមាន គណ:កម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក សកបទ ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង និងសមាជិកសកបទ ជាច្រើនរូបទៀត។
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុតអនុវតត្តតាមគោលនយោបាយជីកប្រព័ន្ធប្រឡាយជើងក្អែបរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអូសទឹកដល់ស្រែរបស់ប្រជាកសិករផ្ទាល់ៗ តែ ម្តង។
ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំដ៏សកម្មបំផុតលើកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF និងADB ធ្វើការអភិវឌ្ឍ និងធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្ត្រតាំងក្រសាំងរហូតដល់ទទួលបានយោគជ័យជាស្ថាពរ។ ប្រព័ន្ធធារាសាស្ត្រនេះជាប្រព័ន្ធបង្ហូរទឹកដល់ស្រែ។
កិច្ចខំប្រឹងប្រែងខាងលើបានធ្វើការប្រែក្លាយតំបន់តាំងក្រសាំងដែលធ្លាប់តែទុកចោលដោសារសង្រ្គាម ជាដីខ្សាច់ ជាដីព្រៃ ប្រព័ន្ធទាំងមូលរាបស្មើនឹងវាលស្រែ ឲ្យក្លាយជាតំបន់មានទឹកប្រើប្រាស់គ្រប់គ្រាន់លើគ្រប់វិស័យ ក្នុងគ្រប់រដូវកាល ប្រកបដោយសុវត្ថភាព និងមាននិរន្តរភាព ធ្វើការផលិតបាន ៣ ដងក្នុង១ឆ្នាំ ហើយទទួលទិន្នផលបាន ៥ តោនក្នុង១ ហត។ ហើយឥឡូវនេះ តំបន់ប្រព័ន្ធធារាសាស្ត្រ ក៏ក្លាយជាតំបន់អេកូទេសចរមួយដ៏សំខាន់របស់ខេត្តកំពង់ធំផងដែរ។
ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំងនេះមានផ្ទៃដីស្រោចស្រពចំនួន ១៥០០០ ហត ជាប្រព័ន្ធធារាសាស្ត្រខ្នាតធំ មានលក្ខណៈគ្រប់ជ្រុងជ្រោយដ៏ទំនើបនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។
ឯកឧត្តមរដ្ឋមន្រ្តីបានដឹកនាំធ្វើការតភ្ជាប់អាងទឹកទាំង២ អាងទឹកតាំងក្រសាំង និងអាងទឹកស្ទឹងជីនិតឲ្យក្លាយទៅជាអាងពីរបំពេញគ្នាទៅវិញទៅមកមានទឹកទាំងរដូវប្រាំង និងទាំងរដូវវស្សា ជាទឹករស់ដោយជោគជ័យ។
ឯកឧត្តម ចាន់ សុីណាត ធ្វើការចុះពិនិត្យនាពេលនេះ គឺក្នុងបំណងធ្វើការរៀបចំទីតាំង ពិធីសម្ភោធន៍ ជូនឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ថ្នាក់ដឹកនាំកំពូលរបស់ប្រទេស និងធានាគារអភិវឌ្ឍន៍អាស៊ី ADB នាពេលខាងមុខនេះដើម្បីដាក់ឲ្យប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង និងសកបទ ធ្វើការប្រើប្រាស់ និងដំណើរការ ជាផ្លូវការ ៕