ក្រសួងបរិស្ថានរៀបចំ ប្រគុំតន្ត្រី សប្បុរសធម៌ ដើម្បីបរិស្ថាន និងទេសចរណ៍


ការប្រគុំតន្ត្រី​ សប្បុរសធម៌​ ដើម្បីបរិស្ថាន​ និងទេសចរណ៍​ ដែលរៀបចំដោយក្រសួងបរិស្ថាន​ និងក្រសួងទេសចរណ៍​ បានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី៤​ ខែមិនា​ ឆ្នាំ២០១៧នេះ​ ក្រោមអធិបតីភាពលោកជំទាវ​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា​ ព្រឹទ្ធសភា​ និងអធិការកិច្ច​ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំតាមបណ្តាក្រសួង​ ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន​ រួមនឹងមហាជនចូលរួមទស្សនាសរុបប្រមាណជាង២០០០នាក់។
ថ្លែងនាឱកាសនោះ​ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន​ មានប្រសាសន៍ថា​ គោលបំណងសំខាន់នៃការប្រគុំតន្ត្រីនេះ​ គឺដើម្បីកៀរគរមូលនិធិសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌​ និងការងារគ្រប់គ្រងបរិស្ថាន​ តាមរយៈការសម្តែងសិល្បៈអប់រំ​ បំផុសចលនាមហាជនឱ្យចូលរួមក្នុងសកម្មភាពគាំពារបរិស្ថាន​ អភិរក្សជីវៈចម្រុះ​ និងការរស់នៅស្អាត​ ក្នុងទិសដៅលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃនៃបរិស្ថាន​ ឈានទៅផ្លាស់ប្តូរផ្នត់គំនិត​ និងប្រែក្លាយឥរិយាបថពលរដ្ឋឱ្យមានទម្លាប់ល្អចំពោះបរិស្ថាន។
នាឱកាសនេះផងដែរ​ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​ ម៉ែន​ សំអន​ មានប្រសាសន៍ថា​ ការប្រគំតន្ត្រី​ដែលមានការចូលរួមសម្តែងដោយសិល្បករ​ សិល្បការនីជាតិ​ និងជ័យលាភីបវរកញ្ញាពិភពលោក​ ២០១៦​ និងបវរកញ្ញាខ្មែរអាមេរិក​ នាពេលនេះ​ គឺជាការរួមគ្នាបំផុសស្មារតីប្រជាជាតិនៅទូទាំងសកលលោក​ ឱ្យបន្តចូលរួមចំណែកលើកកម្ពស់គុណភាពបរិស្ថាន​ ធានារក្សាឱ្យបាននូវតុល្យភាពនៃប្រព័ន្ធអេកូឡូសុី​ ការរស់នៅដោយចីរភាព​ និងសុវត្ថិភាពនៃភពផែនដីទាំងមូល។​ ជាមួយគ្នានេះ​ លោកជំទាវឧបនាយករដ្ឋមន្ត្រី​ ក៏បានគូសបញ្ជាក់ដែរថា​ ដើម្បីប្រែក្លាយចំណេះដឹងបរិស្ថាន​ ឱ្យទៅជាការប្រតិបត្តិបរិស្ថាន​ គឺទាមទារឱ្យយើងទាំងអស់គ្នាអនុវត្តឱ្យបាននូវកម្មវិធី​ អារាមមេត្រូបរិស្ថាន​ និងសាលាមេត្រីបរិស្ថាន​ ដែលត្រូវអនុវត្តនៅតាមទីវត្តអារាម​ និងគ្រឹះស្ថានសិក្សានានា​ ដោយទន្ទឹមនឹងនេះ​ លោកជំទាវ​ បានជំរុញឱ្យក្រសួងបរិស្ថាន​ និងស្ថាប័នពាក់ព័ន្ធនានាត្រូវបន្តពង្រឹង​ និងពង្រីកកម្មវិធីអប់រំផ្សព្វផ្សាយព័ត៌មានបរិស្ថានឱ្យបានទូលំទូលាយ​តាមគ្រប់រូបភាព​ ដើម្បីបញ្ច្រាបចំណេះដឹងបរិស្ថាន​ និងលើកទឹកចិត្តឱ្យមានការចូលរួមក្នុងចលនាប្រលងប្រណាំងសកម្មភាពមេត្រីភាពបរិស្ថាន៕