អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងធ្វើការសិក្សាអំពីស្ថានភាពផ្លូវថ្នល់មួយចំនួន ដែលមិនទាន់ប្រែក្លាយទៅជាផ្លូវកៅស៊ូ ឬផ្លូវបេតុង ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម


នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងធ្វើការសិក្សាអំពីស្ថានភាពផ្លូវថ្នល់មួយចំនួន ដែលមិនទាន់ប្រែក្លាយទៅជាផ្លូវកៅស៊ូ ឬផ្លូវបេតុង ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីជួយសម្រួលដល់ការដឹកសិផលរបស់បងប្អូនប្រជាពលរដ្ឋ និងការធ្វើចរាចរណ៍ឲ្យកាន់តែមានភាពល្អប្រសើឡើង។

ក្នុងឱកាសនៃការចុះពិនិត្យឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យមន្ត្រីជំនាញចុះសិក្សាឲ្យបានលំអិត និងលើកគម្រោងស្ថាបនាជាផ្លូវបេតុង និងផ្លូវកៅស៊ូ ចំនួន០២ខ្សែ ដោយប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្តកំពង់ចាមក្នុងឆ្នាំ២០២១ ក្នុងនោះ ផ្លូវទី១ ជាប្រភេទផ្លូវបេតុង ១ខ្សែ មានប្រវែង១៣៥០ម៉ែត្រ ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម និងផ្លូវទី២ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ១ខ្សែ មានប្រវែង៦៥៤ម៉ែត្រ លើកំណាត់ផ្លូវសុរិយាវរ្ម័នទី២ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម៕