ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពាន ផ្លូវ ស្ថានីយបូមទឹក និងពិនិត្យការដ្ឋានសាងសង់លូ ព្រលានយន្តហោះជុំវិញបន្ទាយសុវត្ថិភាពទួលក្រសាំង


សមិទ្ធផលជាច្រើនរួមមានស្ពាន ផ្លូវ ស្ថានីយបូមទឹក និងប្រព័ន្ធលូរំដោះទឹក ត្រូវបានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។ ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំងបី និងប្រជាពលរដ្ឋជាច្រើននាក់។
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា សមិទ្ធិផលថ្មីៗដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះរួមមាន ស្ពានព្រែកដើមលាភ ស្ពានព្រែករាំងទី១, ទី២ ស្ថានីយបូមទឹកព្រែករាំង និងផ្លូវតភ្ជាប់ ផ្លូវលេខ២១១, ២១៣, ២១៥, ១១៥កា, ១១៥អឹម និងត្រួតពិនិត្យការដ្ឋានសាងសង់លូ ព្រលានយន្តហោះ ផ្លូវជុំវិញបន្ទាយសុវត្ថិភាពទួលក្រសាំង និងពិនិត្យស្ថានភាពផ្លូវលេខ ១១៧ នឹងផ្លូវលេខ១១៩ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
មានប្រសាសន៍នាឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លៀសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជារបស់យើង មានសន្តិភាព ស្ថេរភាព ពេញផ្ទៃប្រទេស ទើបមានការអភិវឌ្ឍដូចសព្វថ្ងៃ ដូច្នេះយើងទាំងអស់គ្នាត្រូវរួបរួមគ្នា អរគុណសន្តិភាព ស្រលាញ់សន្តិភាព និងគាំទ្រសន្តិភាព ដើម្បីឲ្យប្រទេសយើងបន្តមានការអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នចំពោះមូសខ្លា ព្រោះបច្ចុប្បន្ននេះ មានការផ្ទុះរីករាលដាលនៃជំងឺគ្រុនឈិត ហើយជំងឺនេះត្រូវបានចំលងដោយមូសខ្លាញីខាំ។ ហើយអ្នកជំងឺមានអាការៈ ក្តៅខ្លួនខ្លាំង មុខឡើងក្រហម ហើយនៅលើខ្លួនមានឡើងកន្ទួលក្រហមតូចៗ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺអ្នកជំងឺអាចមានសភាពឈឺចាប់នៅតាមសន្លាក់ដៃជើង។ ប្រសិនបើមានការសង្ស័យបានឆ្លងជម្ងឺគ្រុនឈិក ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត កុំសាកល្បងព្យាបាលអ្នកជំងឺដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺក្នុងសេវាឯកជន ដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈិកឲ្យសោះ។
ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តឲ្យបានតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្ដីពីការបង្ការ ការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ផងដែរ។