លោក ជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ


កាលពីព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៧ លោក ជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋជាង១,០០០នាក់ ដោយឥតគិតថ្លៃ ដើម្បីបំពេញបន្ថែមតម្រូវការចាំបាច់ផ្នែកសេវ៉ាសុខាភិបាលនៅមូលដ្ឋាន។
ដោយមានការចូលរួមពីឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ប៊ុន សេង មេបញ្ជាការយោធភូមិភាគទី៥ និងមេបញ្ជាការ មេបញ្ជាការកងពលទាំងអស់។
ពិធីពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដោយឥតគិតថ្លៃនោះ បានធ្វើឡើងបរិវេណ វរៈការពារព្រំដែនគោក៥០១ នៃយោធភូមិភាគទី៥ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនោះ រួមមាន៖ វះកាត់តូចចំនួន៥០នាក់ ពិនិត្យ និងព្យាបាលមាត់ធ្មេញចំនួន១០០នាក់ ពិនិត្យរោគស្ត្រី១០០នាក់ ពិនិត្យ និងព្យាបាលជំងឺទូទៅចំនួន៥០០នាក់ សម្ភព និងអេកូសាស្ត្រចំនួន៨០នាក់ ផ្តល់ថ្នាំសម្លាប់សត្វល្អិតជូនប្រជាជន៥០០ករណី អប់រំសុខភាពដល់ប្រជាជនដែលមកទទួលសេវាព្យាបាលនាពេលនោះ។ ផ្តល់វែនតាជូនលោកតា លោកយាយចំនួន៣០០គ្រឿង ផ្តល់រទេះរុញសម្រាប់អតីតយុទ្ធជនពិការចំនួន១១គ្រឿង ចែកជូនសម្ភារសិក្សាជូនសិស្សានុសិស្សចំនួន១០០នាក់។
នៅមុនពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានរៀបចំអាហារពេលព្រឹក និងថ្ងៃត្រង់ មាននំបញ្ចុក នំបុ័ង និងភេសជ្ជ: ផ្តល់ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពបានទទួលទានយ៉ាងឆ្ងាញ់ពិសារ។
សូមជម្រាបថា : មិនមែនជាលើកទី១នោះទេ ដែលក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានធ្វើសកម្មភាពមនុស្សធម៌បែបនេះ ព្រោះកន្លងមកក្រុមវេជ្ជសាស្ត្រសម្តេចតេជោតែងតែធ្វើសកម្មភាព ចុះព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ គ្រួសារកងទ័ពជាច្រើន នៅតាមបណ្តាខេត្តនានា និងនៅតាមតំបន់ដាច់ស្រយាលចំនួនរួចមកហើយ។
ប្រជាពលរដ្ឋ ដែលបានមកទទួលការពិនិត្យ និងព្យាលជំងឺ នាពេលនោះសុទ្ធតែបានបង្ហាញ ភាពរីករាយចំពោះក្រុមវេជ្ជសាស្ត្រសម្តេច តេជោ ដែលបានចុះ ពិនិត្យ ព្យាបាលជំងឺជូនពួកគាត់ដោយឥតគិតថ្លៃ។ នេះជាការចូលរួមកាត់បន្ថយលើការចំណាយរបស់ពួកគាត់ បានមួយគ្រាសម្រាប់ការថែទាំសុខភាព។
តាមរយៈសកម្មភាពមនុស្សធម៌នេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើសេវាសុខាភិបាល បង្ខិត ឲ្យនៅជិតប្រជាពលរដ្ឋ ដើម្បីសម្រាលទុក្ខលំបាកដល់ពួកគាត់។