រដ្ឋសភា ពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់២ផ្សេងទៀត


(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ដែលបានស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីតំណាងគណៈកម្មការទាំង ១០របស់រដ្ឋសភា។

សេចក្តីព្រាងច្បាប់ចំនួន៣ ដែលជារបៀបវារៈរបស់រដ្ឋសភា ក្នុងការពិនិត្យនៅក្នុងកិច្ចប្រជុំថ្ងៃនេះ រួមមាន៖
១៖ សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។
២៖ សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម
៣៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងកម្ពុជា និងកូរ៉េខាងត្បូង។

បន្ទាប់ពីពិនិត្យមើលរបៀបវារៈទាំង៣នេះហើយនោះ រដ្ឋសភា គណៈកម្មាធិការអចិន្រ្តៃយ៍ ក្រោមការសម្រេចរបស់ប្រធានរដ្ឋសភា ដែលជាប្រធានអង្កប្រជុំ នឹងបែងចែកសេចក្តីព្រាងច្បាប់ទាំងនេះ ជូនទៅគណៈកម្មការជំនាញពាក់ព័ន្ធរបស់រដ្ឋសភា ដើម្បីពិនិត្យ និងសិក្សា មុននឹងដាក់បញ្ចូលទៅជារបៀបវារៈសម្រាប់សម័យប្រជុំពេញអង្គរបស់រដ្ឋសភា៕