ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ណែនាំដល់មន្ទីរជំនាញត្រូវលុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យ


(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំដល់មន្ទីរជំនាញត្រូវណែនាំ ឬលុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យ គ្មានលក្ខណៈបច្ចេកទេសស្តង់ដារត្រឹមត្រូវ ឲ្យអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ ដោយប្រការណាមួយ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរជំនាញពាក់ព័ន្ធត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីចុះត្រួតពិនិត្យកន្លែងលក់ហ្គាសនានា ស្វែងយល់ពីទិដ្ឋភាពច្បាប់ សម្ភារៈបច្ចេកទេសស្តង់ដារ និងឧបករណ៍ការពារ ដើម្បីធានាថា អាជីវកម្មនេះគ្មានផលរំខានឬបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងបរិស្ថាន។

ឯកឧត្តមអភិបាលរាជធានី បានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញមានកន្លែងលក់ហ្គាស និងបញ្ជូលហ្គាសជាច្រើន ហើយកន្លែងខ្លះគ្មានស្តង់ដារបច្ចេកទេស បើប្រាស់ធុងហ្គាស កំប៉ុងចាស់ៗ គ្មានគុណភាព ឬធុងស្តើង ដែលងាយបង្កហានិភ័យគ្រោះថ្នាក់ទាំងអ្នកបញ្ជូល និងអ្នកប្រើប្រាស់។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ក្រុមអាជីវករលក់ហ្គាសទំាងអស់ត្រូវបញ្ឈប់ការទិញធុងហ្គាសចាស់ៗពីប្រទេសដ៏ទៃ ហើយយកមកបាញ់ថ្នំាដើម្បីប្រើប្រាស់បន្ត ដែលនេះគឺជាហានិភ័យគ្រោះថ្នាក់ខ្ពស់អាចបង្កអោយផ្ទុះធុងហ្គាសនិង អគ្គិភ័យឆាប់ឆេះផ្ទះសម្បែងជាដើម។

ឯកឧត្តមអភិបាលរាជធានី បញ្ជាក់ថា យើងឃើញថា នៅរាជធានីភ្នំពេញសព្វថ្ងៃនេះ កន្លែងលក់ហ្គាសពុំមែនតែកន្លែងលក់ហ្គាសទេ គឺមានទំាងផលិតហ្គាសថែមទៀត ព្រោះពេលចុះទៅកន្លែងផ្ទុះហ្គាស គឺឃើញថ្មស្អុយដែលជា សារធាតុ ផលិតហ្គាស។ កិច្ចការងារនេះគឺជាសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបើកាលណាបង្កឲ្យមានកន្លែងលក់ហ្គាសអានាធិបតេយ្យកាន់តែច្រើន ហានិភ័យកាន់តែខ្ពស់ចំពោះយើង ហើយយើង ពិបាកឡានដែលរត់ទៅសង្គ្រោះ ក៏មានការចង្អៀតដោយសារបញ្ហាចរាចរណ៍ដែលចំណុចនេះត្រូវតែយក ចិត្តទុកដាក់ឲ្យបានខ្ពស់។

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា បញ្ហាហ្គាស ឬការលក់សាំងដបនៅតាមចិញ្ចើមផ្លូវ ឬផ្ទះលក់ដូរគ្រឿងទេស ជាបញ្ហាប្រឈមផ្នែកសុវត្ថិភាពដោយត្រូវបង្កើនការ យកចិត្តទុកដាក់ លុបបំបាត់ឲ្យខាងតែបាន ខណៈដែលអគ្គិភ័យនានាដែលកើតឡើងនៅរាជធានីភ្នំពេញកន្លងមកនេះ ភាគច្រើនបណ្តាលមកពីការផ្ទុះកំប៉ុងហ្គាសដែលគ្មានបច្ចេកទេស៕