ខេត្តសៀមរាបបាននឹងកំពុងរៀបចំ តុបតែងលម្អស្ទឹងសៀមរាប ដើមី្បធ្វើឲ្យមានសោភ័ណភាពកាន់តែស្រស់ត្រកាលក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ


រដ្ឋបាលខេត្តសៀមរាប ដោយមានការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា បាននឹងកំពុងរៀបចំ តុបតែងលម្អស្ទឹងសៀមរាប ដើមី្បធ្វើឲ្យមានសោភ័ណភាពកាន់តែស្រស់ត្រកាលក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ តាមបណ្តោយស្ទឹងសៀមរាប ចាប់ពីអតីតស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់។

ការរៀបចំលម្អរស្ទឹងនេះដែរ គឺត្រូវរៀបចំយ៉ាងណា ដើមី្បរំលេចនូវសោភ័ណភាពសម្រស់បៃតងនៅតាមដងស្ទឹង និង រុក្ខវិថីនានាក្នុងក្រុង នាពេលរាត្រីឲ្យកាន់ តែមានការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ​។ កម្មវិធីរួមមាន៖
១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ
២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២
៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប
៤.ផ្សារទឹក
៥.ផាប់ស្ទ្រីត
៦.កម្មវិធីជិះកង់
៧.កម្មវិធីកីឡាវាយកូនហ្គោល
៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន
៩.ផ្ទាំងទស្សនីយភាពសិល្បៈ

ក្នុងនោះដែរ រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អោយអនុវត្ត សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីការពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គម តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរាលត្បាតជំងឺកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាក។