លោកជំទាវ កុយ ពិសី៖ «ខ្ញុំជាខ្មែរ ជាពូជអ្នកបម្រើជាតិរហូតមក គ្រប់សម័យកាល !»


លោកជំទាវ កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានបញ្ជាក់ថា លោកស្រីជាខ្មែរសុទ្ធសាធ ហើយមានសែស្រឡាយជាអ្នកបម្រើជាតិគ្រប់សម័យកាលរហូតមកហើយ។

ការចេញមកបញ្ជាក់បែបនេះ បានធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងជ្រុលនិយម បានព្យាយាមបន្តុះបង្អាប់ និងវាយប្រហារលោកស្រីថាជា «វៀតណាម» ហើយបម្រើមហិច្ចតារបស់វៀតណាម បន្ទាប់ពីលោកស្រី បានចូលរួម ក្នុងពិធីចុះហត្ថលេខាប្រគល់ និងទទួល ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ រវាងកម្ពុជា- វៀតណាម នៅខេត្តតៃនិញ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។

លើបណ្តាញសង្គម Facebook លោកជំទាវ កុយ ពិសី បានបញ្ជាក់ថា៖ «កន្លងមក និងថ្មីៗនេះ មានក្រុមអមនុស្សទុច្ចរិតបានយករូបខ្ញុំ និងថ្នាក់ដឹកនាំទៅ Edit និងលេបខាយពាក្យសម្តីអត់សីលធម៌ទៅតាមអ្វីដែលគេចង់បាន ធ្វើឲ្យបងប្អូនមួយចំនួនមានមន្ទិលសង្ស័យ និងយល់ខុសមកលើខ្ញុំថា “ខ្ញុំជាយួន កូនយួន បម្រើមហិច្ចតាយួន។ល។”»

ចំពោះទង្វើនេះ លោកស្រីមិនធ្វើការឆ្លើយតបទៅកាន់អ្នកដែលកាត់តរូបលោកស្រីនោះទេ ប៉ុន្តែលោកស្រី បានពន្យល់ពីសាវតារបស់ លោកស្រីដូចខាងក្រោម៖

* លោកជំទាវជាខ្មែរ (មិនមែនយួនទេ) ជាពូជអ្នកបម្រើជាតិ (មន្រ្តីរាជការ) រហូតមកគ្រប់សម័យកាល។
* លោកជំទាវកើតនៅសង្កាត់លេខ៣ ក្រុងភ្នំពេញ។ ម្តាយលោកស្រីជា សាស្រ្តាចារ្យ (Professor) បង្រៀនភាសាបារាំង បង្រៀននៅប្រសូត្រ ខេត្តស្វាយរៀង នៅសម័យសង្គមរាស្រ្តនិយម។ ឪពុកលោកស្រី គឺជាគ្រូបង្រៀនម្នាក់ដែរ។ ត់ត្រូវបានស្លាប់នៅក្នុងរបបខ្មែរក្រហម។
* ជំនាន់ខ្មែរក្រហម លោកស្រីរស់នៅខេត្តបាត់ដំបង។ ក្រោយឆ្នាំ១៩៧៩ ម្តាយលោកស្រីមកបម្រើការនៅក្រសួងអប់រំ ក្រោយមកធ្វើការជាមួយនឹងអង្គការ Unicef ជួយកុមារតូចៗ ធ្លាប់ជាប្រធានអង្គការស្រ្តីខ្មែរ និងធ្លាប់ជាសមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) អស់រយៈពេល១០ ឆ្នាំ។
* លោកស្រីធ្លាប់បម្រើការងារជាមួយអង្កការក្រៅរដ្ឋាភិបាល មុនចូលបម្រើការងារលើវិស័យព្រំដែន។

លោកជំទាវ បានអំពាវនាវ ឱ្យក្រុមប្រឆាំងជ្រុលនិយមទាំងនោះ គួរបញ្ចប់ការផ្សាយព័ត៌មានញុះញង់ទាំងនោះតទៅទៀត។ លោកជំទាវបញ្ជាក់ថា «បើពុំនោះទេ ព្រះអាចនឹងមិនឲ្យកំណើតអ្នកជាមនុស្សលោក មានជិវិតភ្លឺថ្លានោះឡើយ»