ក្រសួងបរិស្ថាន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង


នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ក្រសួងបរិស្ថាន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) ដែលមានការិយាល័យនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី គម្រោងសម្រាប់ជួយដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការត្រួតពិនិត្យការបំពុលបរិស្ថានតាមរយៈការអភិវឌ្ឍន៍សមត្ថភាពនៃក្រសួងបរិស្ថាន ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការអនុវត្តការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុលបរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ឯកឧត្ដម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក TANAKA Kotaro តំណាងការិយាល័យ JICA ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ​ ដោយមានភ្ញៀវអញ្ជើញចូលរួមពី JICA និងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន។ គម្រោងសហប្រតិបត្ដិការបច្ចេកទេសនេះនឹងត្រូវអនុវត្តរយៈពេល៣ឆ្នាំកន្លះ លើតម្រូវការផ្នែកសមត្ថភាពស្ថាប័ន និងសមត្ថភាពបច្ចេកទេសរបស់ក្រសួងបរិស្ថាន ដើម្បីឱ្យអនុវត្តបេសកកម្មរបស់ខ្លួនក្នុងការធានានូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ចំពោះលទ្ធផលរំពឹងទុករបស់គម្រោងនេះគឺ (i) ការពង្រឹងសមត្ថភាពរបស់អគ្គនាយកដ្ឋានគាំពារបរិស្ថាន (GDEP) ដើម្បីសម្រេចបាននូវភារកិច្ចរបស់ខ្លួន និង (ii) ការបង្កើត ការកែលម្អ និងការចែករំលែកទៅដល់អ្នកពាក់ព័ន្ធនូវឯកសារច្បាប់ បច្ចេកទេស និងនីតិវិធីនានាពាក់ព័ន្ធនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការត្រួតពិនិត្យការបំពុលបរិស្ថាន៕