រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នកប្រើប្រាស់ Facebook បញ្ឈប់ការចែករំលែករឿងចាស់ពាក់ព័ន្ធនឹងកូវីដ១៩ ដែលធ្វើឲ្យមានការភាន់ច្រឡំ


(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានអំពាវនាវឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បញ្ឈប់ការចែករំលែកនូវព័ត៌មានចាស់ៗពាក់ព័ន្ធនឹងកូវីដ១៩ ដែលធ្វើឲ្យមានការភាន់ច្រឡំដល់ស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ការយករឿងចាស់ៗមួយចំនួនពាក់ព័ន្ធនឹងជំងឺកូវីដ១៩ មកចែករំលែកនាពេលនេះ បានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ នឹងស្ថានភាពជំងឺកូវីដនៅកម្ពុជា នាពេលបច្ចុប្បន្ន។

ប្រតិកម្មរបស់ ក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីមានអ្នកប្រើប្រាស់បណ្ដាញសង្គម បានយករឿងចាស់កន្លងទៅ ដែលពេលនោះលោកម៉ម ប៊ុនហេង បានប្រាប់អ្នកសារព័ត៌មានថា កូវីដ១៩ អាចនឹងឆ្លងដល់សហគមន៍ នៅរាជធានីភ្នំពេញក្នុងទ្រង់ទ្រាយតូចនោះ មកចែករំលែកឡើងវិញ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញនៅអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន២៧២ករណី ដែលក្នុងនោះមាន ២២៣ នាក់ត្រូវបានព្យាបាលជាសះស្បើយ និង ៤៩ នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ករណីរកឃើញជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ មិនមែនជាករណីឆ្លងដល់សហគមន៍ទេ ប៉ុន្តែជាករណីនាំចូលពីប្រទេសផ្សេងៗតែប៉ុណ្ណោះ៕