មន្ទីរសុខាភិបាលខេត្តកំពង់ចាម ត្រៀមក្រុមគ្រូពេទ្យប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយសង្គ្រោះនិងព្យាបាលអ្នកជម្ងឺក្នុងឱកាសថ្ងៃឈប់សម្រាក


មន្ទីរសុខាភិបាលខេត្តកំពង់ចាម ត្រៀមក្រុមគ្រូពេទ្យប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយសង្គ្រោះ​និងព្យាបាលអ្នកជម្ងឺក្នុងមន្ទីរពេទ្យបង្អែកខេត្ត នៅក្នុងឱកាសថ្ងៃឈប់សម្រាក៥ថ្ងៃខាងមុខនេះ ដោយទទួលសេវា​​ព្យាបាល​ជូនប្រជាពលរដ្ឋជាធម្មតា។

លោកវេជ្ជបណ្ឌិត គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា មន្ទីរសុខា​ភិបាលខេត្ត បានត្រៀមរៀបចំរួចជាស្រេច នូវគ្រឿងបរិក្ខាពេទ្យសម្រាប់ត្រៀមទុកព្យាបាលអ្នកជម្ងឺ ក្នុងខេត្តឱ្យបានទាន់ពេលវេលា។

សំឡេង៖« យើងបានត្រៀមក្រុមគ្រូពេទ្យ ប្រចាំការ២៤ម៉ោងគ្រប់មន្ទីរពេទ្យ យើងត្រៀមរថយន្តសង្គ្រោះ នៅប្រចាំ​​ការរួច​ហើយ ឱសថ សម្ភារ សង្គ្រោះក្នុងករណីមានឧបហេតុចៃដន្យកើតឡើង។នៅទូទាំងខេត្ត មានគ្រូពេទ្យ​​ចំនួនជាង១ពាន់នាក់ ទៅតាមមន្ទីរពេទ្យធំ តាមមន្ទីរពេទ្យស្រុក តាមមណ្ឌលសុខភាព​​ទៅតាមការជាក់ស្តែង នៃបុគ្គលិក​​របស់អង្គភាពនីមួយៗ នៅតាមអង្គភាពធំៗយើងមានក្រុមគ្រូពេទ្យច្រើន សម្រាប់ប្រចាំការ និងមានក្រុម​គ្រូពេទ្យ​គ្រប់គ្រាន់នៅអង្គភាពនីមួយៗ ។ជាពិសេសជំងឺកូវីដបានធ្វើការផ្សព្វផ្សាយ រហូតមកដល់បច្ចុប្បន្ន ដើម្បីទប់​ស្កាត់ជំងឺឆ្លង ជាពិសេសថ្ងៃឈប់សម្រាក១សប្តាហ៍នេះ បានណែនាំឲ្យប្រជាពលរដ្ឋ​​តាមវិធានការរបស់ក្រសួងសុខាភិបាល»។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា សព្វថ្ងៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានធ្វើការផ្សព្វផ្សាយនិងចែកលិខិតប័ណ្ណ នៅតាមមូល​ដ្ឋាន តាមភូមិ ឃុំ និងធ្វើការផ្សព្វផ្សាយអប់រំ ដើម្បីទប់ស្កាត់ ការពារ ជំងឺឆ្លងផ្សេងៗ ពិសេស គឺជំងឺកូវីដ-១៩ ជំងឺគ្រុនឈីកនិងគ្រុនឈាមផងដែរ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅខេត្តកំពង់ចាម មានក្រុមគ្រូពេទ្យសរុបជាង១ពាន់នាក់ ដោយកំពុងបំរើ ការងារយ៉ាង​​សកម្មក្នុង​ការព្យាបាលអ្នកជំងឺនៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងបុស្តិ៍សុខភាពនៅទូទំាងខេត្ត៕